ចាន់ រតនា ប៉ះលំដាប់ A ជប៉ុនក្នុងដំណើររកខ្សែក្រវាត់ One Championship
ក្រោយបាត់មុខអស់រយៈពេលជាច្រើនខែអ្នកប្រដាល់គុនចម្រុះរបស់កម្ពុជា ចាន់ រតនា មានឈ្មោះប្រកួតវិញហើយ ដោយត្រូវជួបកីឡាករលំដាប់ A ជនជាតិជប៉ុន Yuya Wakamatsu ក្នុងព្រឹត្តិការណ៍ One-infinity-1 ដែលរៀបចំឡើងនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ នាទីក្រុង ហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី ។
នេះជាការប្រកួតសំខាន់មួយរបស់ ចាន់ រតនា បើសិនជាគេឈ្នះអាចឈានកាន់តែជិតក្នុងការប្រកួតដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក One Championship ក្នុងប្រភេទទម្ងន់របស់គេតែម្តង ។ កីឡាករ Yuya Wakamatsu កំពុងស្ថិតនៅលំដាប់មួយល្អដូចជា ចាន់ រតនា ដែរ ដោយរូបគេឆ្លងកាត់ការប្រកួតចំនួន ១៦ ដង ឈ្នះ ១២ និងចាញ់ ៤ ដង មានវ័យ ២៥ ឆ្នាំ ប្រកួតចុងក្រោយឈ្នះកីឡាករ DAE HWAN KIM ជនជាតិកូរ៉េខាងត្បូង កាលពីខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ ។
សម្រាប់អ្នកប្រដាល់គុនចម្រុះកម្ពុជា ចាន់ រតនា ខកខានឡើងសង្វៀន MMA ជាច្រើនខែមកហើយដោយសារមានបញ្ហារបួស ពោលចាប់តាំងពីរូបគេបានយកឈ្នះកីឡាករគុយបា GUSTAVO EDDY BALART កាលពីខែ សីហា ឆ្នាំ ២០១៩ មកម្ល៉េះ ។ បទពិសោធរបស់ម្ចាស់ក្លិប សិល្បៈ រូបនេះធ្លាប់ប្រកួត MMA ចំនួន១០ ដង ឈ្នះ ៧ និងចាញ់ ៣ ដង ៕