រវាង បឺត សង្ឃឹម និង វាន់ វឿន នរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់និងលុយ២០លានពីគោជល់
គុនខ្មែរ បឺត សង្ឃឹម និង វ៉ាន់ វឿន បានក្លាយជាបេក្ខភាពចុងក្រោយដណ្តើមខ្សែក្រវាត់និងលុយ២០លានរៀល ក្រោយតស៊ូជាច្រើនខែក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ដែលមានក្រុមអ្នកប្រយុទ្ធគុនខ្មែរសរុប ១៦រូបបានចូលរួមធ្វើការប្រកួតជម្រុះយ៉ាងស្វិតស្វាញលើប្រភេទទំងន់៥៧គីឡូក្រាមតាមមណ្ឌលខេត្ត សៀមរាប បាត់ដំបង កំពង់ធំ និង កំពង់ចាម ។
បឺត សង្ឃឹម និង វាន់ វឿន ជាបេក្ខភាពដែលត្រូវប្រកួតគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពី បឺត សង្ឃឹម បានយកឈ្នះពិន្ទុលើកីឡាករ សេក គឹមសាន្ត ក្រោយប្រកួតចប់ពេញ៣ទឹក ខណៈ វាន់ វឿន បានយកឈ្នះ អេ ណារ័ត្ន ទាំងប្រផុតប្រផើយដោយពិន្ទុមិនឯកច្ឆ័ន្ត ៣ ទល់២ បន្ទាប់ប្រកួត៣ទឹកចប់សព្វគ្រប់ នាសង្វៀន CNC ឬស្សីកែវ ។សូមបញ្ជាក់ថា កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២វគ្គផ្តាច់ព្រ័ត្រនឹងប្រកួតនៅថ្ងៃទី ១៣ ខែ មិថុនា ដែលមានការផ្សាយផ្ទាល់នៅកញ្ចក់ទូរទស្សន៍ CNC ចាប់ពីម៉ោង ៥និង៣០នាទីល្ងាចតទៅ ៕