ឃុន ឌីម៉ា បាត់ឱកាសប្រកួតស៊ីហ្គេមនិងខ្សែក្រវាត់នៅ PNN
នាគខ្មៅ ឃុន ឌីម៉ា ប្រហែលបាត់ឱកាសប្រកួតក្នុងកម្មវិធីសំខាន់ពីរគឺ ស៊ីហ្គេមនិងការប្រកួតដណ្តើមខ្សែក្រវាត់ប្រាក់និងមាសរបស់ទូរទស្សន៍ ភី អ៊ិន អ៊ិន បន្ទាប់ពីជួបបញ្ហារបួសដែលត្រូវការព្យាបាលរយៈពេលយូរ ។
ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី បានបង្ហើបប្រាប់ MSR SPORT ថា រូបគេពិតជាខកចិត្តយ៉ាងខ្លាំងដែលត្រូវជួបបញ្ហាធំដូចនេះដោយមិនហ៊ានប្រាប់នរណាអោយដឹង បញ្ហារបស់គេគឺ របួសប្រេះឆ្អឹងស្មងជើងនិងដាច់សរសៃជង្គង់ដែលត្រូវការព្យាបាលរយៈពេលយូរនិងចំណាយថវិការអស់ច្រើនទៀត ផង ។
សូមបញ្ជាក់ថា ឃុន ឌីម៉ា ជាកីឡាករជម្រើសជាតិគុនខ្មែរដែលត្រូវចេញទៅប្រកួតស៊ីហ្គេមឆ្នាំ២០១៩ នាប្រទេសហ្វីលីពីន ក្នុងនាមជាម្ចាស់មេដាយមាសគុនខ្មែរតែម្នាក់គត់ដែលធ្លាប់ឈ្នះ ហើយត្រូវចូលរួម ប្រកួតដណ្តើមខ្សែក្រវាត់នៅ PNN ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមផងដែរ ៕