បើកព្រំដែនពេលណា ភិតណយ ណាត់ ធន់ ចាន់តាក់ ប្រកួតពេលហ្នឹង
បន្ទាប់ពីខកខានឡើងសង្វៀនជាច្រើនខែ ម្ចាស់ជើងឯកសង្វៀនគុនខ្មែររដូវកាលទី២ ធន់ ចាន់តាក់ បានវិលមកហ្វឹកហាត់វិញបានជិត៣សប្តាហ៍ហើយ។ ថ្ងៃនេះអ្វីដែលក្រុមការងារ MSR SPORT ចង់និយាយគឺ អ្នកប្រដាល់ថៃ ភិតណយ។ ទស្សនិកជនប្រហែលជាធ្លាប់ស្គាល់អ្នកប្រដាល់ក្មេងកំព្រាថៃរូបនេះហើយ ដោយរូបគេធ្លាប់មកអុកឡុកសង្វៀនគុនខ្មែរស្ទើរតែរាប់ភ្លេច ហើយកីឡាករគុនខ្មែរដែល ភិតណយ ចងចាំមិនភ្លេចគឺ យ៉េន ឌីណា ព្រោះធ្លាប់ប្រកួតចាញ់ យ៉េន ឌីណា ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់។
ជាមួយគ្នានេះ បើយោងតាមសំដីរបស់ ធន់ ចាន់តាក់ និយាយប្រាប់ក្រុមការងារ MSR SPORT បានឲ្យដឹងថា៖ ភិតណយ បានផ្តាំផ្ញើតាមអ្នកគាំទ្រប្រដាល់ខ្មែរ ដែលចេះនិយាយភាសាថៃ នៅពេលដែលរាជរដ្ឋាភិបាលថៃបើកព្រំដែន ហើយអនុញ្ញាត្តិអោយប្រជាជនចេញចូលដូចលើកមុន រូបគេមានបំណងចង់ជួប ធន់ ចាន់តាក់ ជាងគេ ដោយសារតែមួយរយៈនេះ កូនសិស្សរបស់លោកគ្រូ ធន់សុភា បានប្រកួតឈ្នះមិត្តរួមជាតិរបស់គេ ហើយដណ្តើមបានខ្សែក្រវ៉ាត់ពី រិទ្ធ អៃយ៉ារ៉ា ទៀត។ ចំណែកឯ ធន់ ចាន់តាក់ វិញក៏បាននិយាយថា ស្វាគមន៍គ្រប់ពេលវេលាទាំងអស់។
គួររំលឹកថា ភិតណយ ធ្លាប់ប្រកួតឈ្នះ កីឡាករ ធន់ ចាន់តាក់ ម្តងអំឡុងឆ្នាំ២០១៨ ខែមេសា ចាប់តាំងពីពេលនោះមក អ្នកទាំង២មិនដែលជួបគ្នាម្តងណាទៀតទ្បើយ ស្របពេលដែល ភិតណយ ក៏ទើបតែបញ្ចប់ភារកិច្ចបម្រើជាតិនៅខេត្តសុរិន្ទ ប្រទេសថៃ៕