
Kabasele ៖ Watford កំពុងចាក់បញ្ចូលមេរោគ Covid-19 ដើម្បីកុំអោយកាត់ចោលពី PL
(BC-99)
ខ្សែការពារកូនកាត់ កុងហ្គោ-បែលហ្ស៊ិក Christian Kabasele បាននិយាយកំប្លែងលេងថា Watford កំពុងចាក់បញ្ចូលមេរោគ Covid -19 ចូលទៅក្នុងកីឡាករនិងបុគ្គលិកដើម្បីចៀសវាងពីការកាត់ចោលទៅកាន់ក្របខ័ណ្ឌទី២។
ក្រុមបាល់ទាត់ Watford បានចំណាយពេល៣រដូវកាលហើយនៅ Premier League ក៏ប៉ុន្តែស្ថិតក្នុងស្ថានភាពកំពុងលិចអណ្តែតនេះពួកគេកំពុងតែឈរនៅបាតតារាងលេខ ១៧ ដែលជាកន្លែងត្រដរខ្យល់អាចនឹងធ្លាក់ទៅកាន់ក្របខ័ណ្ឌខាងក្រោម។ ក្រុមមួយនេះក៏មានកិឡាករដែលកើតជំងឺកូរ៉ូណានេះដែរដោយកីឡាករ Adrian Mariappa បានចេញមកបញ្ជាក់ថារូបគេគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង ៣ នាក់របស់ Watford និងឋិតក្នុងចំណោមមនុស្សទាំង ៦ នាក់របស់ក្របខ័ណ្ឌ Premier League ដែលបានធ្វើតេស្ត៍ឃើញមានវីរុសនេះកាលពីសប្តាហ៍មុន។
ដោយឡែកប្រធានក្រុម Watford Troy Deeney នៅមុននេះក៏បានបដិសេធមិនវិលត្រឡប់មកហ្វឹកហាត់វិញជាដាច់ខាតដោយសារខ្លាចឆ្លងជំងឺហើយក៏បានបញ្ចេញមតិប្រឆាំងជំទាស់ទៅនឹងការបើកបន្តរដូវកាលដែលគេសង្ឃឹមថានឹងកើតឡើងនៅថ្ងៃទី ១២ ខែមិថុនា នេះដែរ។
ដោយសារមានបញ្ហារាំងស្ទះផ្នែកកីឡាករបែបនេះហើយទើបបានជា Kabasele បានសរសេរនៅលើបណ្តាញសង្គម Twitter ថា Watford បានព្យាយាមបញ្ឈប់ការប្រកួតបញ្ចប់រដូវកាល ២០១៩-២០ ដោយរូបគេបានរ៉ាយរ៉ាប់យ៉ាងដូច្នេះថា “ខ្ញុំសូមពន្យល់ពីកលល្បិចរបស់ពួកយើងគឺ យើងកំពុងចាក់មេរោគ Covid 19 ចូលក្នុងខ្លួនកីឡាករ / សមាជិកបុគ្គលិកដើម្បីកុំអោយមានការប្រកួតឡើងវិញបាននឹងមិនត្រូវធ្លាក់ចេញពី Premier League”។
ក្រោយពីបានបង្ហោះសារនេះរួចមកគេក៏ទទួលបានមកវិញនូវប្រតិកម្មរបស់ប្រិយ៍មិត្តបាល់ទាត់ដែលមានទាំងអ្នកខឹងសម្បារ និងអ្នកចូលរួមលេងសើចដូចជារូបគេ។ រីឯក្របខ័ណ្ឌ Premier League នៅមុននេះបន្តិចបានប្រកាសថាការធ្វើតេស្តរកមើលមេរោគឆ្លងលើកទី ២នឹងធ្វើឡើងជាបន្តក្នុងអំឡុងថ្ងៃ ចន្ទ ពុធ សុក្រ នៅសប្តាហ៍ថ្មីនេះ។