
ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ អាចហាត់បានខ្លះៗហើយក្រោយវះកាត់ជាង១ខែ
ខ្សែប្រយុទ្ធរបស់ក្លិបបឹកកេត កីឡាករ ម៉ាត់ នូរុណ អាចហ្វឹកហាត់បានខ្លះៗជាមួយក្រុមគ្រូពេទ្យរបស់ក្លិប ក្រោយពីបានទទួលការវះកាត់កាលពីពាក់កណ្តាលខែ មេសា ឆ្នាំ២០២០ កន្លងមក ក្រោយទទួលរងរបួសជាថ្មីអំឡុងពេលប៉ះទង្គិចក្នុងការប្រកួត ទល់នឹងណាហ្គាវើលដ៍ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ។
ការហ្វឹកហាត់របស់អតីតកីឡាករ អគ្គិសនី រូបនេះត្រឹមតែជំហ៊ានដំបូងតែប៉ុណ្ណោះដោយមិនទាន់អាចហ្វឹកហាត់ដូចកីឡាករក្នុងក្រុមនោះទេ ដោយរបួសមិនទាន់ជា១០០ភាគរយ ប៉ុន្តែក្រុមគ្រូពេទ្យធ្លាប់បញ្ជាក់ថា របួសរបស់គេមិនមានបញ្ហាដាច់សសៃជង្គង់ (ACL) ដូចពេលមុនឡើយ ពោលគឺគ្រាន់តែ បែកទ្រនាប់ឆ្អឹង ដែលបណ្ដាលមកពីការប៉ះទង្គិចខ្លាំងក្នុងការប្រកួត ហើយរបួសនេះ ត្រូវតម្រូវឲ្យរូបគេ សម្រាកព្យាបាល ចន្លោះពី ១ខែកន្លះទៅ២ខែ ទើបអាចវិលត្រឡប់មកធ្វើការហ្វឹកហាត់បានវិញ១០០%។
សម្រាប់រដូវកាលថ្មីនេះ នូរុណ បង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង បាន៣ប្រកួត និងរកគ្រាប់បាល់ បាន១គ្រាប់ឲ្យក្រុមក្នុងជំនួប ១-១ ជាមួយអង្គរថាយហ្គឺរ កាលពីសប្តាហ៍ទី១កន្លងទៅ មុនពេលការប្រកួតលីហ្គកំពូលកម្ពុជាបានផ្អាក ដោយសារជំងឺកូវីដ១៩ រហូតដល់ពេលបច្ចុប្បន្ននេះ ៕ ប្រភព និង រូបភាព ៖ ក្លិប បឹងកេត