
ចាប់ផ្តើមហើយ ! ខ្សែក្រវាត់គោជល់ កំពូលជើងឯករដូវកាលទី២ ប្រាក់រង្វាន់ ១ម៉ឺនដុល្លារ
កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯករដូវកាលទី២ បានចាំផ្តើមក្នុងសប្តាហ៍នេះហើយ ដែលមានបេក្ខភាព៨នាក់ត្រូវប្រកួតប្រជែងគ្នាដណ្តើមខ្សែក្រវាត់លើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម នឹងបន្តទៅជួបម្ចាស់ខ្សែក្រវាត់ យ៉េន ឌីណា ដណ្តើមខ្សែក្រវាត់បន្តទៀតដែលមានប្រាក់រង្វាន់សរុបរហូតទៅដល់ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ នាសង្វៀន ស៊ី អ៊ិន ស៊ី កាលពីម្សិលមិញ សន្និសិទបើកការប្រកួតបានធ្វើឡើងដែលមានការចូលរួមពីឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោក មាន សំអុល នាយកចាត់ការទូទៅភេសជ្ជៈគោជល់ រួមទាំងតំណាងទូរទស្សន៍ CNC ផងដែរ ។
បេក្ខភាពខ្សែក្រវាត់ទាំង៨នាក់ដែលចូលរួមរដូវកាលទី២នេះរួមមាន ៖
១. វេន សុភ័ក្រ មកពី បញ្ជការដ្ឋានទ័ពពិសេស
២. សូត្រ ខេវិន មកពី បក្សីស្លាបដែក
៣. ភុំ សារ៉ាយ មកពី ព្រែកឯក
៤. សេក គឹមរូន មកពីក្លិប អង្ករមានជ័យ
៥. ធី វ៉ារិទ្ធ មកពីក្លិប គុជសាសរ
៦. សូដា កូម៉ាន់ មកពីក្លិប គោព្រៃគុនខ្មែរ
៧. ចាន់ សំអាត មកពីក្លិប នារាយណ៍តេជៈ
៨. សុខ សុវណ្ណ មកពីក្លិប ក្រសួងការពារជាតិ
កីឡាករទាំង៨នេះត្រូវបែងចែកជា២ពូល ប្រកួតសន្សំពិន្ទុតាមពូលនីមួយៗ រួចយកអ្នកលេខ១និងលេខ២ក្នុងពូល A ប៉ះពូល B ឡើងប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងបន្តឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់១គ្រឿង ដែលមានប្រាក់រង្វាន់ ៥ ០០០ ដុល្លារ ។ ម្ចាស់ខ្សែក្រវាត់នេះនៅមានឱកាសបន្តទៀតដោយឡើងទៅប្រកួតជាមួយ យ៉េន ឌីណា មួយប្រកួតទៀតដើម្បីដណ្តើមខ្សែក្រវាត់១គ្រឿងទៀតដែលមានប្រាក់រង្វាន់ ៥០០០ ដុល្លារទៀតផងដែរ ។
នៅថ្ងៃ សៅរ៍ ទី ២ ខែ មេសា ឆ្នាំ ២០២២ សប្តាហ៍នេះ ការប្រកួតសប្តាហ៍ទីមួយ សម្រាប់ពូល A នឹងចាប់ផ្តើមដោយកីឡាករ វេន សុភ័ក្រ ត្រូវប់ះជាមួយកីឡាករ សុខ សុវណ្ណ ខណៈកីឡាករ សូដា កូម៉ាន់ ជួប ធី វ៉ារិទ្ធ ដោយចាប់ផ្តើមពីម៉ោង ៦ល្ងាចនឹងមានផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕