ព្រំ សំណាង ប៉ះ ដៃគូចាស់ ក្នុងកម្មវិធី MAS FIGHT ប្រកួតតែ១ទឹកមាន៩នាទី
កីឡាករគុនខ្មែរទម្ងន់ធ្ងន់ ព្រំ សំណាង នឹងត្រូវប្រកួតជាមួយដៃគូចាស់របស់ខ្លួន Manzubek ក្នុងកម្មវិធី MAS FIGHT នាថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នាសង្វៀន ថោន ។ ការជួបគ្នាពីរលើកកន្លងមកពួកគេឈ្នះពិន្ទុគ្នាម្តងម្នាក់ ខណៈការជួបគ្នាលើកទី៣នេះខុសប្លែកពីមុនៗ ពោលត្រូវប្រកួតត្រឹមតែ១ទឹកប៉ុណ្ណោះដែលមាន៩នាទីបើមិនមានអ្នកសន្លប់រឺបោះបង់ការប្រកួតនោះទេ លទ្ធផលត្រូវតែស្មើគ្នា ។ កាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ ព្រំ សំណាង បានយកឈ្នះកីឡាករអ៊ូបេគីស្ថាន រូបនេះដោយពិន្ទុ ខណៈការជួបគ្នាលើកទី២នាថ្ងៃទី ៣១ ខែ មិនា ឆ្នាំ ២០១៩ កីឡាករ អ៊ូបេគីស្ថាន បានយកឈ្នះពិន្ទុវិញ ។
កូនសិស្សរបស់លោក ហស្ស សឿន ចង់ប៉ះកីឡាករកម្ពស់ខ្ពស់នេះម្តងទៀតជាយូរមកហើយ ដោយសារគេមិនអស់ចិត្តក្នុងការចាញ់ពិន្ទុចំពោះជំនួបចុងក្រោយរបស់គេ ដោយកីឡាករខេត្តកំពស់ស្ពឺរូបនេះលើកឡើងថា បញ្ហារបួសធ្វើអោយគេ ធ្វើមិនបានល្អបានជាចាញ់ដូចនេះ ហើយមួយរយចុងក្រោយនេះ សំំណាង កំពុងតែធ្វើបានល្អពោលតែងតែទទួលបានជោគជ័យក្នុងការប្រកួតដែលមានជាបន្តបន្ទាប់របស់គេ ស្របពេលដៃគូរបស់គេរូបនេះធ្លាប់មានបទពិសោធច្រើននិងជាម្ចាស់ខ្សែក្រវាត់ច្រើនស្ថាប័ន ទាំងក្នុងប្រទេសរបស់គេ និងនៅថៃ ផងដែរ ៕