Man City ភ័យខ្លាចក្រុមអ្នកគាំទ្រ Liverpool វាយប្រហារលើរថយន្តដឹកកីឡាករម្តងទៀត
(BC-99)
ក្រុមការពារតំណែងជើងឯករដូវកាលចាស់ Manchester City កំពុងទាមទារអោយមានការធានាថានឹងមិនមានការវាយប្រហារម្តងទៀតឡើយមកលើរថយន្តក្រុងដឹកកីឡាកររបស់ពួកគេទៅកាន់កីឡដ្ឋានរបស់ Liverpool។
ដោយសារតែដិតដាមនូវការចងចាំអំពីសេចក្តីភ័យខ្លាចនៅពេលដែលហ្វូងអ្នកគាំទ្រក្រុម Liverpool បានធ្វើការវាយប្រហារទៅលើរថយន្តដឹកកីឡាករក្រុម Manchester City នាអំឡុងខែមេសា ឆ្នាំ២០១៨ ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ Champions League វាបានធ្វើអោយក្រុមកីឡាករមេឃខៀវមានអារម្មណ៍ថាមិនមានសុវត្ថិភាពនៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទឹកដី Anfield។ ថែមពីលើនេះទៀតនៅពេលថ្មីៗនេះក្រុម Ultra Fans របស់ Liverpool បានបង្ហោះសារបបួលគ្នារង់ចាំទទួលដំណើរមកដល់ទីលានរបស់ក្រុមទាំងពីរព្រមទាំងធ្វើការលើកទឹកចិត្តដល់គ្រូបង្វឹកអោយបានពេញចិត្តពេញថ្លើមថែមទៀតផង។
ដូចនេះហើយថ្នាក់ដឹកនាំ Manchester City ក៏បានធ្វើការអំពាវនាវអោយមានការការពារសុវត្ថិភាពរបស់ពួកគេអោយបានគត់ហ្មត់បន្ថែមទៀតដើម្បីរក្សារទឹកចិត្តកីឡាករអោយមានទឹកចិត្តមោះមុតនៅក្នុងការប្រកួត។
ក្រុមទាំងពីរនឹងត្រូវប្រកួតជាមួយគ្នានៅលើទឹកដី Anfield របស់ក្រុមហង្សក្រហម Liverpool សារជាថ្មីនៅយប់ថ្ងៃអាទិត្យទី១០នេះក្នុងជំនួបសប្តាហ៍ទី១២របស់ក្របខ័ណ្ឌ Premier League ស្របពេលដែល Manchester City កំពុងឈរនៅចំណាត់ថ្នាក់ទី២តាមពីក្រោយ៦ពិន្ទុចំពោះក្រុម Liverpool ដែលមានពិន្ទុសរុប៣១ពង់។