មានគេខ្សឹប Spurs ឲ្យចាយលុយធំយក Rodgers ពី Leicester
អតីតខ្សែប្រយុទ្ធ Teddy Sheringham បានផ្ដល់ជាអនុសាសន៍ដល់ Tottenham Hotspur ចាយលុយធំយកលោក Brendan Rodgers ពី Leicester City ទៅដឹកនាំក្រុមខ្លួនជំនួសលោក Jose Mourinho ដែលត្រូវបានដកតំណែងកាលសប្ដាហ៍មុន។
លោក Sheringham ជឿជាក់ថា វានឹងក្លាយជារឿងល្អមួយ ប្រសិនបើក្រុមចាស់របស់លោកយកលោក Rodgers ទៅដឹកនាំ ព្រោះអតីតអ្នកចាត់ការ Liverpool មានស្នាដៃល្អ ហ៊ានលេង មិនចាំតែការពារ វាយបក។ លោកថា Spurs គួរតែហ៊ានផ្ដល់ទំហំទឹកប្រាក់ដូចដែលធ្លាប់ផ្ដល់ដល់លោក Mourinho។
អតីតខ្សែប្រយុទ្ធ Manchester United ដដែលថា លោកមិនភ្ញាក់ផ្អើលចំពោះការបណ្ដេញលោក Jose Mourinho ទេ។
ក្រោមការដឹកនាំរបស់លោក Brendan Rodgers រដូវកាលនេះ Leicester កំពុងឈរចំណាត់ថ្នាក់លេខ៣ ជាទីតាំងគ្រប់គ្រងកៅអីទៅលេងនៅ UEFA Champions League រដូវកាលក្រោយ។ ចំណែក Spurs នៅលេខ៧ និងកំពុងស្ថិតក្រោមការដឹកនាំបណ្ដោះអាសន្នពីលោក Ryan Mason។
គួររំឭកថា កាល Mourinho នៅដឹកនាំ Spurs លោកទទួលបានប្រាក់ឈ្នួល១៥លានផោនក្នុងមួយឆ្នាំ៕