អាជ្ញាកណ្ដាលម្នាក់ថា គ្រាប់បាល់ Benzema តាមស្មើ Chelsea មិនសមឲ្យចូលទេ
អាជ្ញាកណ្ដាលជនជាតិអេស្ប៉ាញមួយរូបថ្លែងថា គ្រាប់បាល់របស់ Karim Benzema ដែលតាមស្មើ Chelsea មិនគួរត្រូវបានទទួលស្គាល់ឡើយ។
នេះបើតាមសម្ដីលោក Juan Andujar Oliver ដែលបានថ្លែងប្រាប់សារព័ត៌មាន Marca ក្រោយ Real Madrid ស្មើ Chelsea ១ទល់នឹង១ ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទីមួយនៅថ្ងៃអង្គារ ទី២៧ ខែមេសា។
ដំណើររឿងបែបនេះ គឺ Benzema បានទាត់បកចូល Chelsea នាទី២៩។ តែមុននោះ គឺមានការប្រជែងយកបាល់រវាង Casemiro និង Cesar Azpilicueta ដោយគេឃើញបម្រើជនជាតិប្រេស៊ីលរបស់ Real បានយកដៃច្រត់ពីលើខ្សែការពារ Chelsea ដល់ថ្នាក់ដួល។ បន្ទាប់មកបាល់ក៏ខ្ទាតដល់ Militao ហើយខ្សែការពាររូបនេះតែតបន្តដល់ Benzema ក៏មានឱកាសខ្ទាស់យកបាល់ទាត់ចូលតែម្ដង។
ដោយហេតុនេះហើយទើបលោក Oliver ថ្លែងបែបនេះ “៖ Casemiro មានកំហុសចំពោះ Azpilicueta ដែលធ្វើ់ឲ្យ Militao អាចបញ្ជូនបន្តទៅ Benzema។”
យ៉ាងណា រូបភាពនេះក៏បានបង្កជាទស្សនៈផ្ទុយគ្នាក្នុងចំណោមអ្នកគាំទ្រដែរ។
ជាក់ស្ដែង ហ្វេនម្នាក់និយាយថា គេបានឃើញពីកំហុសរបស់ Casemiro លើ Azpilicueta។ ចំណែកហ្វេនម្នាក់ទៀតនិយាយថា ម៉េចក៏អាជ្ញាកណ្ដាលមើលមិនឃើញ។ Casmeiro ឧស្សាហ៍បង្កកំហុស តែមិនឃើញអាជ្ញាកណ្ដាលចាប់សោះ។
ផ្ទុយទៅវិញ អ្នកប្រើបណ្ដាញសង្គមម្នាក់លើកឡើងថា មកពី Azpilicueta លោតយឺតពេក អ៊ីចឹងមិនមែនជាកំហុសរបស់ Casemiro ទេ។
គួរបញ្ជាក់ថា Chelsea បាននាំមុខមុនដោយ Christian Pulisic ក្នុងនាទីទី១៤៕