សៀវ ង៉ុយ ដកខ្លួនពីសង្វៀនខ្ទង់៣ឆ្នាំ ព្រោះអន់ចិត្តរឿងមួយ
អ្នកប្រដាល់ សៀវ ង៉ុយ បង្ហើបថា ខ្លួនធ្លាប់មានអារម្មណ៍បាក់ទឹកចិត្តទើបធ្វើឲ្យបាត់មុខពីការប្រកួតនានារយៈពេលប្រហែល៣ឆ្នាំ។
បាក់ទឹកចិត្តទាក់ទងទៅនឹងតម្លៃខ្លួនពេលប្រកួតម្ដងៗដែលគេគិតថា ហាក់តិចពេក ខណៈខ្លួនក៏ជាអ្នកប្រដាល់មានបទពិសោធច្រើន និងមានស្នាដៃមួយរូបដែរ។
កីឡាករដែលកំពុងហ្វឹកហាត់នៅក្លិបអភិរក្សគុនខ្មែររុងរឿងរៀបរាប់បែបនេះ “៖ ខានវាយប្រហែល២-៣ឆ្នាំដែរ ព្រោះរាងធ្លាក់បន្តិច។ ណាមួយតម្លៃខ្លួនមិនសូវបានច្រើន យើងកីឡាករល្អដែរ អ៊ីចឹងមានអារម្មណ៍បាក់ទឹកចិត្ត លែងចង់វ៉ៃ។”
យ៉ាងណា មួយរយៈចុងក្រោយនេះ អតីតម្ចាស់ខ្សែក្រវាត់១ម៉ឺនដុល្លារនៅ PNN ឆ្នាំ២០១៥ បានវិលចូលសង្វៀនសាជាថ្មីដោយហ្វឹកហាត់នៅក្លិបអភិរក្សគុនខ្មែររបស់លោក សួង បញ្ញា។ ថ្មីៗនេះគេក៏បានចូលរួមប្រកួតជម្រុះខ្សែក្រវាត់នៅ PNN មួយកម្មវិធីទៀត ដោយបានឈ្នះពិន្ទុម៉ន សាម៉េត ក្នុងជុំទី១។
អតីតសិស្សគុនសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទឲ្យដឹងថា ខ្លួនបានធ្លាក់កម្លាំងច្រើនក្នុងការវិលមកសង្វៀនវិញនេះ ព្រោះខកខានប្រកួតច្រើនឆ្នាំ។ សម្រាប់បច្ចេកទេសវិញមិនមានអ្វីប្រែប្រួលទេ ដូច្នេះគេនឹងព្យាយាមពង្រឹងកម្លាំងស៊ុហ្វឡើងវិញ។
ទាក់ទងនឹងការប្រកួតជម្រុះខ្សែក្រវាត់នៅ PNN សៀវ ង៉ុយ ទទួលស្គាល់មានកីឡាករល្អៗច្រើន ជាពិសេសសិស្សប្អូនជំនាន់ក្រោយ។ ហេតុនេះហើយ គេមិនទាន់អាចបញ្ជាក់ពីការកំណត់គោលដៅនៅឡើយទេ៕