ទួនប៉េ ស្វាគមន៍គ្រប់ជើងខ្លាំងខ្មែរ ឲ្យតែត្រូវគីឡូ
អ្នកប្រដាល់ជើងចាស់ ទួនប៉េ ទទូចថា អាចស្វាគមន៍បានគ្រប់ពេលចំពោះអ្នកប្រដាល់គុនខ្មែរជើងខ្លាំងរូបណាឡើយ ឲ្យតែត្រូវប្រភេទទម្ងន់៥៧ឬ៥៨គីឡូក្រាម។
កីឡាករមានកំណើតនៅខេត្តបុរីរម្យ ប្រទេសថៃបានបង្ហាញខ្លួនសាជាថ្មីលើសង្វៀននៅកម្ពុជា នៅថ្ងៃសុក្រ ទី០១ ខែមេសា និងបានឈ្នះពិន្ទុពេជ្រ ប៊ុនសិដ្ឋ។ កីឡាករជើងចាស់រូបនេះថ្លែងថា ដោយសារមានវ័យចាស់បន្តិច គេពិបាកប្រកួតលើសពីទម្ងន់៥៧-៥៨គីឡូក្រាម។
ទាក់ទងនឹងគូប្រកួតខ្មែរកន្លងទៅ ទួនប៉េ និយាយថា ឈុត សេវីវណ្ណថង និង ឃីម បូរ៉ា ជាកីឡាករដ៏ល្អ។ ចំពោះវណ្ណថង ទួនប៉េ បានសរសើរពីស្នៀតជង្គង់ ខណៈបូរ៉ា ល្អកែង។
កន្លងមក ទួនប៉េ ធ្លាប់ប៉ះវណ្ណថង ២ដង តែចាញ់ទាំង២ដង។ ចំណែកជាមួយបូរ៉ាវិញ ទួនប៉េ បានឈ្នះទាំង៦លើកនៃការប៉ះគ្នា។
គួរបញ្ជាក់ថា សង្វៀនក្នុងស្រុកនៅកម្ពុជាចាប់ផ្ដើមនាំចូលកីឡាករបរទេសមកប្រកួតសាជាថ្មីវិញហើយ ក្រោយខកខាន២ឆ្នាំ ដោយសារការរាលដាលកូវីដ១៩៕