បើមិនមានការប្រែប្រួលទេ ជ័យ ស៊ីនេត នឹងប្រកួតគូអន្តរជាតិនៅខែក្រោយនេះ បន្ទាប់ពីខកខានអស់ជិត៣ឆ្នាំ
ជិត៣ឆ្នាំហើយដែលខ្លាចាស់ ជ័យ ស៊ីនេត ក្នុងក្លឹបឃ្លាំងមឿងកីឡាខកខានប្រកួតអន្តរជាតិ តែចុងសប្តាហ៍នេះកូនសិស្សរបស់លោកគ្រូ សុខ វិជ័យ ត្រូវបានសង្វៀនអាស៊ីអាគ្នេយ៍ផ្តល់ឳកាសឡើងវិញ តាមរយៈការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី១៥ ខែធ្នូ នាខែក្រោយនេះ។ ជាមួយគ្នានេះ ជ័យ ស៊ីនេះ ក៏បាននិយាយប្រាប់ MSR SPORT ថា៖ រូបគេពិតជាសប្បាយចិត្តណាស់ដែលមានឳកាសប្រកួតអន្តរជាតិម្តងទៀត ក្រោយពីខកខានប្រកួតគូមិត្តភាពអន្តរជាតិជិត៣ឆ្នាំមកហើយ។ ម្យ៉ាងវិញទៀត អ្វីដែលធ្វើឲ្យអ្នករៀបចំការប្រកួតនៅអាស៊ីអាគ្នេយ៍ផ្តល់ឪកាសអោយ ក៏ដោយសារតែកន្លងមក កូនសិស្សលោកគ្រូ សុខ វិឆ័យ រូបនេះប្រកួតមិនដែលចាញ់ និងភាគច្រើនផ្តួលឲ្យដៃគូបោះបង់ការប្រកួតផងដែរ។ សម្រាប់ការប្រកួតនៅខែក្រោយនេះ ជ័យ ស៊ីនេត បានសន្យាថានឹងព្យាយាមប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាពដែលខ្លួនមាន ហើយក៏សូមឲ្យពុកម៉ែបងប្អូនជួយគាំទ្រផង។
គួររំលឹកថា ក្នុងចំណោមកីឡាករជើងចាស់របស់ឃ្លាំងមឿង គឺនៅសល់តែ ជ័យ ស៊ីនេត ម្នាក់គត់ដែលនៅជួយមើលថែសិស្សប្អូន និងជួយបង្ហាត់គ្រប់សព្វយ៉ាង ក្រៅពីនោះកីឡាករជើងចាស់រួមជំនាន់ដ៏ទៃទៀត បានចាកចោលនិងបោះបង់អាជីពគុនខ្មែរបាត់ទៅហើយ តែកន្លងមកក៏ធ្លាប់ឃើញវត្តមាន ម៉ា ឆៃម៉ូវ មកជួយម្តងម្កាដែរ ហើយក្រោយមកទៀតក៏បាត់មុខឈឹងតែម្តង៕