ឃីម ឌីម៉ា ថាគេវាយម៉ៃសុទ្ធចូលបានច្រើន ប៉ុន្តែនៅតែមិនឈ្នះ(វីឌីអូ ឌីម៉ាបកស្រាយ)
នាគខ្មៅ ឃីម ឌីម៉ា នៅតែមិនអាចយកឈ្នះលើកីឡាករថៃ ម៉ៃសុទ្ធ ប៉េឡេបុរីរ៉ាំ បានក្នុងការប្រកួតលើកទីពីរដែលបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៩ ខែមេសា ឆ្នាំ២០១៨ នេះ នា សង្វៀន ស៊ី អ៊ិន ស៊ី ក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក អាយ អេស អាយ ផាម ។

ឌីម៉ា (ក្រហម) ម៉ៃសុទ្ធ (ខៀវ)
ក្រោយបានត្រឹមស្មើពិន្ទុក្នុងការប្រកួតខាងលើម្ចាស់មេដាយមាសស៊ីហ្គេមបានបញ្ជាក់ថា សម្រាប់លទ្ធផលគេទទួលយកមិនថាឈ្នះ ចាញ់ រឺ ស្មើ ព្រោះនៅលើចៅក្រមជាអ្នកផ្តល់ពិន្ទុសម្រាប់ការប្រកួតលើសង្វៀន ហើយប្រកួតថ្ងៃនេះរូបគេយល់ឃើញ ថាគេធ្វើ បានល្អជាងលើកទីមួយ ព្រោះវាយចូលបានច្រើន ហើយកម្លាំងនិងក្បាច់ផ្សេងៗមិន មានចាញ់ប្រៀបកីឡាករថៃនោះទេ ប៉ុន្តែលទ្ធផលបានត្រឹមស្មើ ។
ឌីម៉ា បន្ថែមថា នេះជាការផ្តល់ពិន្ទុរបស់ចៅក្រមដូចនេះគេត្រូវទទួលយក ហើយសម្រាប់មៃសុទ្ធ មិនមានអ្វីផ្តាស់ប្តូរច្រើនទេពោលក្បាច់មួយចំនួនដូចកាលពីប្រកួត លើកទីមួយ ហើយសម្រាប់ការប៉ះគ្នាលើកទី៣បើមានឱកាសគេក៏ចង់ប៉ះទៀតដែរ ។
សូមបញ្ជាក់ថា ការប្រកួតលើកទីមួយរវាងអ្នកទាំងពីរកើតឡើងកាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្នុងការប្រកួតដណ្តើមប្រាក់លាននាសង្វៀន មាយ ធី វី ដែលកាលនោះ ឌីម៉ា ចាញ់ពិន្ទុ ម៉ៃសុទ្ធ ក្រោយប្រកួតពេញ៥ទឹក ។
សម្រាប់ការប៉ះគ្នារវាងកីឡាករខេត្តបន្ទាយមានជ័យ និងកីឡាករនៃក្លិបស៊ីតប៊ុនមី ដែលធ្វើឡើង នៅថ្ងៃទី អាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ នេះពួកគេបានប្រកួតពេញ៥ទឹក ខណៈចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុដូចៗគ្នាគឺស្មើ ៕
- តោះដើម្បីចង់ដឹងច្បាស់ថានាគខ្មៅនិយាយអ្វីខ្លះ យើងទៅស្តាប់ទាំងអស់គ្នា៖