តោះមកដឹង! មូលហេតុដែល ឡៅ ចិត្រា អវត្តមានប្រកួតជាមួយ មឿន សុខហ៊ុច
ការប្រកួតដណ្តើមប្រាក់លានរវាងគុនខ្មែរ ឡៅ ចិត្រា និង មឿន សុខហ៊ុច ដែលពុកម៉ែបងប្អូនទន្ទឹងចង់តាមដានទស្សនាខ្លាំងជាងគេ ក្នុងចំណោមគូផ្សេងៗទៀតនៅសង្វៀន CBS ត្រូវបានដូរពី ឡៅ ចិត្រា ជំនួសដោយ សួន ចាន់នី (សូត្រ ប៊ុនធី) វិញ បានធ្វើឲ្យទស្សនិកជនមួយចំនួនខកចិត្តជាលើកទី២ ក្រោយពីកូនសិស្សនៅក្លឹបឆ័ត្រយោង៩១១ អវត្តមាន២ដងទាំងលើកនេះ។

ឡៅ ចិត្រ ប្រកួតជាមួយ ម៉ៃសុទ្ធ
បើយោងតាមសំដីរបស់លោកគ្រូ ហង្ស សឿន គ្រូបង្វឹកនៅក្លឹបឆ័ត្រយោង៩១១ បានប្រាប់ក្រុមការងារ MSR SPORT ឲ្យដឹងថា៖ មូលហេតុដែល ចិត្រា ត្រូវអវត្តមានលើកនេះម្តងទៀត ក៏ដោយសារតែមានបញ្ហាសុខភាព ពោលគឺមិនស្រួលខ្លួន ព្រោះមួយរយៈនេះអាកាសធាតុប្រែប្រួល។ ម្យ៉ាងវិញទៀតកូនសិស្សរបស់លោកមួយនេះ ក៏ទើបតែត្រឡប់មកពីខេត្តកំពតវិញ ដោយត្រូវធ្វើដំណើរផ្លូវឆ្ងាយ ដូចនេះក៏ប្រហែលមកពីមូលហេតុនេះដែរ។ ហើយលោកក៏មានការសោកស្តាយដែល ឡៅ ចិត្រា ត្រូវដកខ្លួនមិនប្រកួតក្នុងសប្តាហ៍នេះ ដែលជាការប្រកួតដណ្តើមប្រាក់លានជាមួយ មឿន សុខហ៊ុច។
សូមបញ្ជាក់ថា គ្រប់ការប្រកួតគុនខ្មែរនៅទូទាំងប្រទេសគឺតម្រូវប្រកួតដោយបិទទ្វារ ពោលគឺមិនអនុញ្ញាត្តអោយទស្សនិកជនចូលរួមទស្សនាផ្ទាល់នោះទេ ដោយខាងទូរទស្សន៍ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕