ឡុង សំណាង មានផលវិបាកប្រកួតលើសង្វៀន ព្រោះអាជ្ញាកណ្តាលមិនតម្រូវឲ្យនៅជិតគ្នាបានយូរ

ឡុង សំណាង
អ្នកប្រដាល់គុនខ្មែរ សែម ណាង ហៅ ឡុង សំណាង បានប្រាប់ MSR SPORT ឲ្យដឹងថា៖ រូបគេមានផលវិបាកមួយចំនួននៅពេលដែលគណកម្មការអាជ្ញាកណ្តាលមិនតម្រូវឲ្យនៅកៀកគ្នាប្រកួតបានយូរ។ កូនសិស្សរបស់លោកគ្រូ ឡុង សាវ័ន្ត បានបន្ថែមទៀតថា ជំនាញរបស់ខ្លួនគឺវ៉ៃជិត មិនសូវជំនាញវ៉ៃប្រយោល ដូច្នេះហើយទើបធ្វើឲ្យរូបគេមានផលវិបាកមួយចំនួននៅពេលឡើងសង្វៀនប្រកួត។ ជាក់ស្តែងការពីចុងសប្តាហ៍កន្លងទៅ អ្នកប្រដាល់របស់ក្លឹប ឡុង សាវ័ន្ត មួយនេះក៏បានរំលឹកប្រាប់ MSR SPORT ឲ្យដឹងទៀតថា ក្នុងជំនួបជាមួយកីឡាករ មឿន សុខហ៊ុច ប្រសិនបើអាជ្ញាកណ្តាលឲ្យប្រកួតជិតបានយូរ ពិតប្រាកដណាស់ រូបគេមានភាគរយច្រើនឈ្នះលើដៃគូ ព្រោះ សុខ ហ៊ុច គ្មានក្បាច់អ្វីលើគេ ក្រៅពីកែងនោះឡើង ហើយមូលហេតុតដែលរូបគេមិនសូវវ៉ៃកែងសងទៅវិញ ក៏ដោយសារតែរកឱកាសវ៉ៃសងមិនសូវបាន ដូចនេះបើមានពេលវេលាលើកក្រោយរូបខ្លួនមានបំណងចង់សុំសិស្សច្បងសងសឹកសារជាថ្មី។

ឡុង សំណាង កំពុងហ្វឹកហាត់
គួរបញ្ជាក់ថា សប្តាហ៍នេះគុនខ្មែរ ឡុង សំណាង ក៏ត្រូវបន្តភារកិច្ចឡើងសង្វៀនប្រកួតជាបន្តទៀត ដោយត្រូវជួបជាមួយ ប៉ោ ភារិទ្ធ ហៅ យ៉េន ឌីណា ក្នុងកម្មវិធីដណ្តើមប្រាក់លានរបស់សង្វៀន CBS៕