Independiente ទុកអាវលេខ ១០ អោយកីឡាករ Sergio Aguero
(BC-99)
លោក Lucas Pusineri គ្រូបង្វឹកក្រុម Independiente បាននិយាយអះអាងថាកីឡាករ Sergio Aguero នឹងទទួលបានអាវលេខ ១០ ដែលគេពេញចិត្តភ្លាមប្រសិនបើគេមកចូលរួមជាមួយក្លឹបរបស់លោកដែលមានទីតាំងនៅប្រទេសអាហ្សង់ទីន ។
Aguero អ្នកស៊ុតបាល់បញ្ចូលទីបំបែកកំណត់ត្រារបស់ក្រុម Manchester City បានចាកចេញពីក្លិបកុមារភាពរបស់គេទៅកាន់ Atletico Madrid កាលពី ១៤ ឆ្នាំមុនហើយបាននិយាយជាញឹកញាប់អំពីបំណងបញ្ចប់អាជីពរបស់គាត់ជាមួយក្លឹបដែលមានរហស្សនាម El Rojo មួយនេះ។ Lucas Pusineri ដែលត្រូវបានតែងតាំងជាក្បាលម៉ាស៊ីនរបស់ក្រុម Independiente កាលពីឆ្នាំ ២០២០ នេះគឺជាមិត្តភក្តិដ៏ជិតស្និតរបស់ Aguero នៅពេលដែលពួកគេនៅជាកីឡាករថ្នាលដូចគ្នា។ ក្នុងខណៈពេលដែល Aguero ផុតកិច្ចសន្យាជាមួយ Man City នៅឆ្នាំ ២០២១ ខាងមុខនេះលោក Pusineri ក៏បាននិយាយអំពីការវិលត្រឡប់ដ៏រំជួលចិត្តមួយនេះតែម្តង។
ថ្លែងទៅកាន់សារព័ត៌មាន Super Miter Deportivo លោកPusineri បាននិយាយថា“ សង្ឃឹមថាខ្ញុំនឹងក្លាយជាគ្រូបង្វឹករបស់ Kun Aguero នៅពេលអនាគត។ យើងកំពុងរក្សាគាត់នៅលេខ ១០ ទុកអោយគេ។”
Independiente ធ្លាប់បានឈ្នះពានរង្វាន់ទ្វីបអាមេរិច Copas Libertadores ចំនួន ៧ ដង លើកចុងក្រោយបំផុតដែលគេបានឈ្នះពាននេះគឺនៅក្នុងឆ្នាំ ១៩៨៤ ។ ហើយលោក Pusineri ជឿជាក់ថា Aguero នឹងក្លាយជាផ្នែកមួយដែលអាចនាំយកពានរង្វាន់ប្រចាំទ្វីបនេះមកអោយក្លឹបដើមរបស់ពួកខ្លួនឡើងវិញ។
គួរបញ្ជាក់ថា Sergio Aguero ចូលរួមប្រកួតអោយ Man City បានចំនួន ង ៣៦៨ ដងនិងស៊ុតបញ្ចូលទីបាន ២៥៤ គ្រាប់ពីគ្រប់កម្មវិធីប្រកួតនិងស៊ុតបញ្ចូលទីបាន ១៨០ គ្រាប់នៅ Premier League ជួយអោយរូបគេឈរនៅលំដាប់ទី ៤ ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រទេសអង់គ្លេស។