ទ្រាំចោលគុនខ្មែរមិនបាន អ៊ុំ ចំរើន សម្រេចចិត្តវះកាត់របួសជង្គង់ដើម្បីបានឡើងសង្វៀនវិញ
ព្រោះតែចិត្តនៅស្រលាញ់គុនខ្មែរចង់ឡើងប្រកួតលើសង្វៀនវិញក្រមុំតែងខ្លួន អ៊ុំ ចំរើន សម្រេចចិត្តចូលវះកាត់របួសជង្គង់នៅថ្ងៃនេះហើយ នាមន្ទីរពេទ្យខ្មែរ-សូវៀត (ពេទ្យរុស្សី ) ដោយសង្ឃឹមថានឹងអាចវិលមកសង្វៀនបាននាពេលខាងមុខ ។
កីឡាករនៃក្លិបតាឡីដំរីមានរិទ្ធ ធ្លាប់បានបញ្ជាក់ថា ចិត្តមិនចង់ឈប់ប្រកួតនោះទេ ដោយតែងតែចូលមើលវិឌីអូចាស់ៗរបស់ខ្លួនវ៉ៃកាលពីមុន ទើបសម្រេចចិត្តវះកាត់របួសសរសៃជង្គង់ដែលបានកើតឡើងកាលពីឆ្នាំ២០១៨ ក្នុងការប្រកួតជាមួយកីឡាករថៃ ភេតមុន្នី នាសង្វៀនអាស៊ីអគ្នេយ៍ ។ ចំរើន បន្តថា ក្រោយពីរបួសនោះកើតឡើងរូបគេបានព្យាយាមព្យាបាលតាមពីវិធីផ្សេងៗដោយមិនចង់វះកាត់ ប៉ុន្តែមិនអាចដូចដើមនោះទេដោយបញ្ហានេះត្រូវតែវះកាត់ដាច់ខាតទើបអាចហាត់វិញបានហើយបានពន្យាពេលរហូតមកដល់ថ្ងៃនេះតែម្តង ។
សូមបញ្ជាក់ថា អ៊ុំ ចំរើន ជាកូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ ដែលធ្លាប់ឈ្នះខ្សែក្រវាត់គូបូតានិងគោជល់ បានផ្អាកឡើងសង្វៀនតាំងពីឆ្នាំ២០១៨មកដោយរបួសជង្គង់ ទើបបានសម្រេចចិត្តវះកាត់នៅព្រឹកថ្ងៃទី ១៦ សីហា នេះ ៕