
សួង បញ្ញា ថា ហ្វេនគុនខ្មែរគួររិះគន់អ្នកវាយតោងរេញ និងបែរខ្នងប្រសើរជាង
លោក សួង បញ្ញា គ្រូបង្វឹកក្លិបអភិរក្សគុនខ្មែររុងរឿង យល់ថា អ្នកទស្សនាគួររិះគន់កីឡាករដែលចូលចិត្តវាយតោងរេញ, វាយបែរខ្នង និងឧស្សាហ៍ត្រូវពង ប្រសើរជាងរិះគន់អ្នកវាយថយ។
អតីតគ្រូជំនួយក្លិបប៉ែនកាក់គុនខ្មែរដដែលថ្លែងបែបនេះ បន្ទាប់ពីមានការរិះគន់ខ្លាំងលើកាន់ ម៉េងហុង ដែលថយច្រើនក្នុងការប្រកួតឈ្នះពេជ្រ ប៊ុនសិដ្ឋ ថ្មីៗនេះ។ លោកថា ការថយច្រើនមិនមែនជាបញ្ហាធំដុំទេ សំខាន់ឲ្យតែវាយចំគោលដៅ ជាជាងដើរចូលឲ្យគេវាយ។
លោក សួង បញ្ញា សង្កត់ធ្ងន់ថា កីឡាករខ្លះមានទម្លាប់តោងរេញវាយ ឬវាយបែរខ្នងជាដើម ខណៈអ្នកខ្លះឧស្សាហ៍ធ្វើពុតជាត្រូវពង ដែលជាគម្រូមិនល្អទាល់តែសោះក្នុងគុនខ្មែរ។
អតីតកីឡាករដដែលទទូចថា លោកចូលចិត្តកីឡាករណាដែលមានឆន្ទៈប្រកួត ជាងកីឡាករដែលវាយលំៗ ឡើងសង្វៀនយកតែលុយ៕