ហ៊ុន ចាន់រាជ៖កេរ្តិ៍ឈ្មោះ អេ ភូថង ជាផ្នែកមួយដែលលោកយក ម៉ឺន មេឃា ប្រកួតដណ្តើមខ្សែក្រវាត់ WLC
លោក ហ៊ុន ចាន់រាជ បានលើកហេតុផលមួយចំនួនដែលលោកជ្រើសរើសយកកីឡាករ ម៉ឺន មេឃា ប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WLC ជាមួយកីឡាករព័រទុយហ្គាល Antonio ដែលគ្រោងធ្វើនៅទឹកដីកម្ពុជាជាលើកដំបូងនាថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២០ ខាងមុខនេះ បន្ទាប់ពី សុខ ធី មិនបានចូលរួមប្រកួត ។
ម្ចាស់ក្លិប Cambodian Top Team បានប្រាប់ MSR SPORT ថាការដែលលោកជ្រើសរើសកីឡាករ ម៉ឺន មេឃា ដោយសាររូបគេនៅក្មេងមានក្បាច់ប្រយុទ្ធត្រូវនឹងការប្រកួតលក្ខណៈ WLC និងធ្លាប់ឈ្នះខ្សែក្រវាត់ក្នុងស្រុកផងដែរ ហើយអ្វីដែលពិសេសក្រៅពីសមត្ថភាពរបស់គេនោះគឺម្ចាស់ខ្សែក្រវាត់ កម្ពុជាសង្វៀនគុនខ្មែរ រូបនេះជាកូនប្រុសរបស់កំពូលអ្នកប្រដាល់ប្រចាំប្រទេសកម្ពុជាគឺលោក អេ ភូថង ។ លោកបន្តថា ផ្នែកមួយដែលលោកយក មេឃា ព្រោះដើម្បីចង់អោយនឹកនិងរក្សាកេរ្តិ៍ឈ្មោះរបស់ឪពុករបស់គេគឺលោក អេ ភូថង ដែលជាអ្នកប្រដាល់ល្បីប្រចាំប្រទេស ហើយបើកូនប្រុសប្រកួត ឈ្នះបានខ្សែក្រវាត់ពិភពលោកនេះគេនឹងនិយាយរឺសរសេរដល់ឪពុករបស់គេដែលធ្លាប់ប្រឡូកក្នុងវិស័យនេះជាច្រើនឆ្នាំរហូតមកដល់បច្ចុប្បន្ន ។
សូមបញ្ជាក់ថាការប្រកួត WLC – World Lethwei Championship ដែលរៀបចំលើកដំបូងនៅប្រទេសកម្ពុជាមានការប្រកួតជាច្រើនគូក្នុងនោះ ម៉ឺន មេឃា ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WLC ជាមួយកីឡាករ ទ័ពទុយហ្គាល António Faria លើប្រភេទទម្ងន់ ៦០ គីឡូក្រាម ក្នុងនោះក៏មានវត្តមានកីឡាករល្បីៗប្រចាំប្រទេសកម្ពុជាផងដែរដូចជា រឿង សោភ័ណ្ឌ , សែន រ៉ាដេត និង សុខ រិទ្ធ ជាដើម ។ ការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាចាប់ពីម៉ោង ៥ ល្ងាចតទៅ ៕