ក្រុមមកពីអង់គ្លេសទាំង៣មានសង្ឃឹមយកឈ្នះគូប្រកួតនាយុទ្ធនាការណ៍ UEFA EUROPA League វគ្គ៣២ក្រុមជើងទី១
(BC-99)
ការប្រកួតបាល់ទាត់ក្របខណ្ឌ UEFA EUROPA League បានបោះដំណើរមកដល់វគ្គចាញ់ធ្លាក់ចំនួន៣២ក្រុមចុងក្រោយហើយដោយការប្រកួតជើងទី១នឹងធ្វើឡើងនាយប់ថ្ងៃព្រហស្បត្តិ៍នេះ។
ក្រុមទាំង៣២ដែលមកពីក្របខណ្ឌចំនួន១៩ប្រទេសផ្សេងគ្នានៅអឺរ៉ុបនឹងត្រូវធ្វើការប៉ះប្រកួតទៅតាមការចាប់ឆ្នោតចំនួនពីរជើងគឺក្នុងនិងក្រៅដីដើម្បីយកក្រុមដែលឈ្នះឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាបន្ត។ សម្រាប់ការប្រកួតនៅជើងទី១នេះក្រុមទាំង៣មកពីក្របខណ្ឌកំពូលរបស់អង់គ្លេសដែលមាន ម្ចាស់ជើងឯកឆ្នាំ២០១៧ បិសាចក្រហម Manchester United, Arsenal និង Wolverhampton សុទ្ធតែមានទំនុកចិត្តយកឈ្នះការប្រកួតរបស់ពួកគេរៀងៗខ្លួន៖
Club Brugge VS Manchester United
ក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer បានធ្វើដំណើរទៅដល់ទីក្រុង ប្រ៊ុច ប្រទេសបែលហ្ស៊ិករួចរាល់ហើយដើម្បីរង់ចាំធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Club Brugge ។ Manchester United គឺជាក្រុមដែលមានចំណាត់ថ្នាក់លេខ១នៅក្នុងពូល L ខណៈដែល Club Brugge ជាក្រុមដែលធ្លាក់មកពីក្របខណ្ឌ UCL ។
ជំនួបមួយនេះបើទោះជាលេងនៅក្រៅដីក៏ដោយក៏លោក Ole មានរំពឹងខ្ពស់ថាធ្វើបានល្អជាងក្រុមម្ចាស់ផ្ទះដែរ នេះបើសំអាងទៅលើកីឡាករល្អៗរបស់ខ្លួនដែលធ្លាប់មានបទពិសោធន៍លេងពានមួយនេះ។
Wolves VS Espanyol
ក្រុមចចក Wolves គឺជាម្ចាស់ផ្ទះនៅក្នុងការប្រកួតមួយនេះខណៈដែល Espanyol គឺជាក្រុមភ្ញៀវដ៏រឹងមាំមួយមកពីក្របខណ្ឌ La Liga របស់អេស្ប៉ាញ។ Wolves ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតពានមួយនេះកាលពីរដូវកាល ១៩៧១-៧២ តែក៏ត្រូវចាញ់ក្រុមមាន់ខ្នាមាស Tottenham Hot Spur ៣-២ នៅម៉ោងបន្ថែម។ រីឯ Espanyol វិញក៏ធ្លាប់ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ២ដងដែរតែត្រូវរងបរាជ័យទាំង២ដង។
លោក Nuno Santo អ្នកដឹកនាំរបស់ Wolves បានសម្តែងនូវទំនុកចិត្តថាអាចលេងបានល្អនៅជើងទីមួយនេះ ព្រោះក្រុមរបស់លោកនឹងមិនទុកឱកាសឱ្យក្រុម Espanyol បង្ករភាពគ្រោះថ្នាក់ដល់ខ្លួនឡើយ។
Olympiacos VS Arsenal
កាំភ្លើងធំក៏នឹងចេញដំណើរទៅប្រកួតក្រៅផ្ទះរបស់ខ្លួនដែរ ដែលម្តងនេះគេបានទៅដល់ក្រុង អាថែន ប្រទេសក្រិច ដើម្បីទៅជួបប្រកួតជាមួយក្រុម Olympiacos។ លោក Mikel Ateta អ្នកចាត់ការទូទៅរបស់ Arsenal បានបង្ហាញនូវចំណាប់អារម្មណ៍សម្រាប់ការប្រកួតនេះថា ក្រុមម្ចាស់ផ្ទះ Olympiacos មានប្រព័ន្ធការពារដ៏រឹងមាំដែលពិបាកវាយទម្លុះ រីឯប្រព័ន្ធប្រយុទ្ធរបស់គេគឺកាន់តែល្អថែមទៀត។
តែទោះជាយ៉ាងនេះក៏ដោយចុះ Arsenal នឹងរៀបចំក្បួនលេងបានល្អ ហើយជម្នះឧបសគ្គអោយបាននៅជុំទី១នេះ។