លី ភា ៖ ចាប់តាំងពីមកក្លឹបថ្មី រកចំណូលបានច្រើន ព្រមទាំងមានសមត្ថភាពខ្លាំងជាងមុន
ចាប់តាំងប្តូរពីក្លឹបសំរោងកោងកីឡាបាត់ដំបងមកកាន់ក្លឹបថ្មី ប៉ែនកាក់គុនខ្មែរ កេរ្តិ៍ឈ្មោះអ្នកប្រដាល់គុនខ្មែរ លី ភា ក៏ចាប់ផ្តើមត្រឡប់ជាបណ្តើរៗមកវិញ តាមរយៈការប្រកួតគូមិត្តភាពអន្តរជាតិ។ គិតមកត្រឹមពេលនេះរយៈជាង១ខែហើយដែលអ្នកស្រុកបាត់ដំបងរូបនេះបានមករួមរស់ជាក្លឹបថ្មី ហើយក៏ចាប់ផ្តើមមានទីផ្សារច្រើន ដូចកាល២ទៅ៣ឆ្នាំមុន គ្រាដែលរូបគេបានសាងកេរ្តិ៍ពីស្រុកថៃ។ បើយោងតាមកិច្ចសំភាសន៍រវាង Cambodia Heart Sport និង លីភា រូបគេបានឲ្យដឹងថា ការឡើងប្រកួតញឹកញាប់អាចជួយឲ្យរូបគេរកថវិកាបានច្រើន ក្នុងនោះទឹកប្រាក់ជាង១ពាន់ដុល្លារហើយដែលរូបគេទទួលបានពីការឡើងប្រកួតនៅលើសង្វៀនចាប់តាំងពីបានប្តូរមកកាន់ក្លឹបថ្មីនេះ។
គួរបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ លី ភា នៅមានមហិច្ចិតាមួយទៀត នោះគឺការចង់បានខ្សែក្រវ៉ាត់ក្នុងទឹកដីខ្លួនឯង ព្រោះកន្លងមករូបគេធ្លាប់ជាម្ចាស់ខ្សែក្រវ៉ាត់១គ្រឿងនៅទឹកដីថៃ។ បើនិយាយអំពីសមត្ថភាពឡើងប្រកួតនៅលើសង្វៀនវិញរូបគេក៏បានបញ្ជាក់ថា គ្រាន់បើជាងមុនច្រើន ព្រោះនៅទីនេះសំបូរកីឡាករច្រើនហ្វឹកហាត់ជាមួយ និង អាចឡាំបានគ្រប់គីឡូ៕