វៀក ប៊ុនឌឿន ប៉ះ ភេតសាមុយ នៅកម្មវិធី Thai Fight
លោក ជា រិទ្ធ ដែលប្រធានដឹកនាំគុនខ្មែរប្រកួតក្រៅប្រទេសបានបង្ហើបថាកូនសិស្សរបស់លោក វៀក ប៊ុនឌឿន ពិតជាត្រៀមជួបតារាថៃហ្វៃ ភេតសាមុយ នៅកម្មវិធី Thai Fight នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ពិតប្រាកដមែន ប៉ុន្តែមិន ទាន់ផ្លូវការណ៍នោះទេ ពោលគឺត្រូវរង់ចាំលិខិតពីខាងកម្មវិធី Thai Fight សុំការអនុញ្ញាតពីសហព័ន្ធប្រដាល់គុនខ្មែរជាផ្លូវការសិនទើបច្បាស់ការ ។
គ្រូបង្វឹកនៃក្លិបគុហារព្រហ្មជ័យនៃក្រសួងការពារជាតិបានប្រាប់ MRS SPORT ថា ខាងកម្មវិធីរបស់ថៃបានចរចារជាមួយលោកស្វែងរកកីឡាករ៣ប្រភេទទម្ងន់ដែលមាន ៧០ គីឡូក្រាម ៦៧ គីឡូក្រាម និង៦៣ គីឡូក្រាម ហើយលោកបាន ផ្តល់ដំណឹងទៅសហព័ន្ធដើម្បីស្វែករកកីឡាករ ប៉ុន្តែកីឡាករជូរមុខរបស់កម្ពុជាក្នុងប្រភេទទម្ងន់នេះគឺរវល់ទាំងអស់ពោលជាប់កម្មវិធីខ្សែក្រវាត់ កម្មវិធីមិត្តភាពអន្តរជាតិ និងជាប់ជម្រើសជាតិត្រូវទៅព្រឹត្តិការណ៍ស៊ីហ្គេម ទើបលោកសម្រេចផ្តល់ ឱកាសអោយ វៀក ប៊ុនឌឿន ចូលរួមប្រភេទទម្ងន់ ៦៣គីឡូក្រាមតែម្នាក់ប៉ុណ្ណោះ ។ សូមបញ្ជាក់ថា កីឡាករថៃ ភេតសាមុយ ជាតារាប្រចាំកម្មវិធីថៃហ្វៃដែលតែងតែផ្កួលដៃគូប្រកួតលើសង្វៀន ខណៈអ្នកប្រដាល់គុនខ្មែរ វៀក ប៊ុនឌឿន ជាកីឡាករដែលតែងតែប្រកួតមិត្តភាពអន្តរជាតិផងដែរនាសង្វៀនក្នុងស្រុក ៕