ធឿន ធារ៉ា ថាចង់មកវ៉ៃនៅខ្មែរណាស់ ប៉ុន្តែថ្នាក់លើមិនអនុញ្ញាត
ក្រោយពីជំងឺបានជាល្អប្រសើរឡើងវិញអ្នកលេងគុនខ្មែរ ធឿន ធារ៉ា មិនដែលបានបង្ហាញសមត្ថភាពនៅ សង្វៀនក្នុងទឹកដីកំណើតរបស់ខ្លួននៅឡើយទេ ពោលរូបគេតែងតែប្រកួតនៅកម្មវិធី Max Mauy Thai នាទឹកដីប្រទេសថៃ ។
អ្នកប្រដាល់ដើមកំណើតខេត្តព្រៃវែងបានបង្ហើបថា មិនមែនរូបគេមិនចង់មកប្រកួតនៅស្រុកខ្មែរនោះទេ ប៉ុន្តែថ្នាក់លើមិនអោយមកប្រកួត ។ នេះជាការលើកឡើងខ្លីមួយសម្រាប់រូបគេដោយមិនបានបញ្ជាក់អ្វី ច្រើនឡើយ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកគាំទ្របានដឹងច្រើនរួចមកហើយការដែល ធឿន ធារ៉ា មិនបាន មកប្រកួតនៅស្រុកខ្មែរដោយសារសង្វៀន Max Mauy Thai និងក្លិបរបស់ ធារ៉ា មានទំនាក់ទំនងគ្នាល្អ ដោយតែងតែផ្តល់ឱកាសអោយកីឡាករក្នុងក្លិបនេះបានឡើងប្រកួត ។ ក្នុងនោះផងដែរ ធឿន ធារ៉ា ក៏ជាកីឡាករដែលម្ចាស់កម្មវិធីពេញចិត្ត និងបានផ្តល់ឱកាសអោយរហូតទើបរូបគេពិបាកដកឃ្លាដើម្បីមកប្រកួត នៅស្រុកខ្មែរ ។
សូមបញ្ជាក់ថា បន្ទាប់ពីមានភាពល្បីល្បាញ ធឿន ធារ៉ា ក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរដោយធ្លាប់ឈ្នះ ជើងខ្លាំងរបស់ថៃជាច្រើន ប៉ុន្តែបន្ទាប់ពីរូបគេមានបញ្ហាសុខភាពមកក៏បានខកខានឡើងសង្វៀន ជាពិសេសក្រោយចាញ់ ហ្វៃប៉ា ប៉េឡេបុរីរ៉ាំ នៅសង្វៀន ស៊ី អ៊ិន ស៊ី ខណៈថ្មីៗនេះរូបគេទើបផ្តួលកីឡាករថៃនៅសង្វៀន Max Mauy Thai ក្នុងតំណែងគូឯកទៀតផង ៕