បឺត ខាំ ៖បើ ចន្ទ្រា និង ឌីម៉ា ឈ្នះថៃនៅថ្ងៃអ៊ុំទូកពួកគេអាចប្រឡូកគ្រប់សង្វៀនធំៗ
មួយរយៈនេះមានអ្នកគាំទ្រជាច្រើនចង់អោយកីឡាករគុនខ្មែរចេញប្រកួតនៅសង្វៀនក្រៅប្រទេស អោយច្រើនដូចជាកីឡាករត្រកូល ឡៅ រឺ ឃីម ឌីម៉ា ជាដើមដែលពួកគេមានសមត្ថភាពគ្រប់គ្រាន់ ។
ទាក់ទងទៅបញ្ហានេះអតីតអ្នកប្រដាល់ល្បីល្បាញរបស់កម្ពុជា បឺត ខាំ បានបង្ហាញសារមួយថា រឿងចេញប្រកួតនៅសង្វៀនធំៗជារឿងមួយផ្សេង ប៉ុន្តែបើយកឈ្នះថៃពីរនាក់នេះបានហើយនោះ មានន័យថាសង្វៀនណាក៏យើងអាចប្រឡូកបានដែរ ។
ការនិយាយបែបលោកចង់សំដៅលើដៃគូរបស់កីឡាករ ឡៅ ចន្ទ្រា និង ឃីម ឌីម៉ា ដែលត្រូវប្រកួត នៅថ្ងៃទី ២១ ខែ វិច្ឆិកា ខាងមុខនេះដែលត្រូវនឹងថ្ងៃបុណ្យអ៊ុំទូកទីមួយ ។ ដៃគូរបស់អាសង្ហាគុនខ្មែរ គឺកីឡាករថៃ ឆាងភឿក រឺបងប្អូនស្គាល់ថា ចេស្តា ដែលធ្លាប់មកប្រឡូកនៅទឹកដីកម្ពុជាជាយូរហើយ ផងដែរ ។ ជាពិសេសគេធ្លាប់ប្រកួតជាមួយបងប្រុសរបស់ ឡៅ ចន្ទ្រា ផ្ទាល់តែម្តងគឺកីឡាករ ឡៅ ស៊ីណាត ហើយគេធ្លាប់ឈ្នះ រឿង សោភ័ណ្ឌ និងចាញ់ កែវ រំចង់ ទាំងមិនអស់ចិត្ត ។
ចំណែកដៃគូរបស់ ឃីម ឌីម៉ា កីឡាករថៃ ពេជ្ររាហូ មិនធ្លាប់មកទឹកដីកម្ពុជានោះទេ ប៉ុន្តែសមត្ថភាព របស់គេមិនធម្មតានោះទេ គេធ្លាប់ប្រកួតនៅសង្វៀនធំៗក្នុងទឹកដីប្រទេសថៃហើយមួយរយៈនេះតែង តែទទូលបានជោគជ័យក្នុងការប្រកួតរបស់គេផងដែរ ។ ដូច្នេះសរុបមកវិញអ្នកប្រដាល់ប្រើបច្ចេកទេស បឺត ខាំ ចង់មានន័យថាបើ ឡៅ ចន្ទ្រា និង ឃីម ឌីម៉ា ឈ្នះកីឡាករថៃទាំងពីរនេះនោះពួកគេមានសមត្ថភាពគ្រប់គ្រាន់អាចប្រកួតនៅសង្វៀនធំៗ ក្រៅ ប្រទេសបានហើយ ៕