សំ ថារ័ត្ន ស្រក់ទឹកភ្នែកពេលដឹងគ្រូល្បុក្កតោម្នាក់ជួបគ្រោះស្លាប់មុនថ្ងៃរៀបការពីរសប្តាហ៍
កីឡាការិនីគ្រូល្បុក្កតោ សំ ថារ័ត្ន បានបង្ហាញពីអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ ជីវិតរបស់គ្រូល្បុក្កតោ និល សីហា ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ទល់មុខច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ២ ផ្លូវ២១៧ ភូមិឬស្សី ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ការបង្ហាញអារម្មណ៍សោកស្តាយរហូតស្រក់ទឹកភ្នែកនេះក៏ព្រោះអ្នកទាំងពីរធ្លាប់ហាត់ក្បាច់គុនល្បុក្កតោ ជាមួយគ្នា ហើយក៍ជាមិត្តភ័ក្កហ្នឹងគ្នាផងដែរ ។
អ្នកលេងក្បាច់គុន MMA កម្ពុជាបានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា ៖ បាត់បងធនធានល្អ របស់ល្បុក្កតោមួយហើយ ទាំងនៅវ័យក្មេង។ សែនស្ដាយ ស្ដាយណាស់ ១៧ថ្ងៃទៀត ត្រូវចូលរោងការ តែគ្រោះចរាចរណ៍ផ្ដាច់សង្ខារអ្នក។ សុំទោសផង Seyha Nil ខ្ញុំអត់បានទៅជូនដំណើរនៅបុណ្យសព សូមជូនដំណើរពីចម្ងាយ។ ជាតិក្រោយ យើងហាត់ល្បុក្កតោជួយជាតិជាមួយគ្នាទៀត។ សូមអ្នកបានទៅសំរាកនៅទីស្ងប់សុខចុះ។ ពួកយើងនឹងចងចាំអ្នកជារៀងរហូត…។
ជនរងគ្រោះដែលស្លាប់ឈ្មោះ និល សីហា ត្រូវចូលរោងការនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ២០១៩ មានអាយុ២៧ឆ្នាំ មុខរបរបោះពុម្ភ និងជាគ្រូល្បុក្កតោ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំណើតភូមិត្រាព្រះ ឃុំព្រែកតាស ស្រុកពារាំង ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូ ៕