របួសច្រមុះរបស់ រឿង សោភ័ណ្ឌ អាចខកខានជួប អ៊ីខ្យួសាំង ក្នុងជំនួបសងសឹក
ការប្រកួតនាសង្វៀនគុនខ្មែរនាព្រឹកថ្ងៃសៅរ៍ ទី ២៣ នេះ រឿង សោភ័ណ្ឌ បានត្រឹមតែស្មើពិន្ទុជាមួយដៃគូចាស់ ផ្លាងនុម ខណៈរូបគេបានជួបរឿងខកបំណងមួយគឺរបួសច្រមុះដែលមើលទៅធ្ងន់គួរសមហើយអាចបង្កប៉ះពាល់ដល់ការប្រកួតរបស់គេជាមួយកីឡាករថៃ អ៊ីខ្យួសាំង នាថ្ងៃទី ៨ ខែ ធ្នូ ខាងមុខនេះនាសង្វៀនឯកភ្នំ ក្នុងជំនូបសងសឹក ។
របួសចម្រុះនេះបានកើតឡើងអំឡុងទឹកទី៤ បន្ទាប់ពីពួកគេបានព្យាយាមប្តូរកែងគ្នាទៅវិញទៅមក ហើយក៏ត្រូវកែងរបស់កីឡាករថៃចំក្តោងច្រមុះតែម្តង ស្របពេលអាជ្ញាកណ្តាលបានអោយក្រុមគ្រូពេទ្យពិនិត្យហើយអាចបន្តការប្រកួតបានចប់ពេញ៥ទឹក ទោះបីយ៉ាងណាក៏ដោយរបួសនេះនឹងត្រូវតាមដានជាបន្តទៀតដើម្បីដឹងច្បាស់ថាធ្ងន់ធ្ងរ រឺ មិនមានបញ្ហាធ្ងន់ ដែលរំខានដល់ការហ្វឹកហាត់របស់គេដែលត្រូវប្រកួតជាមួយ អ៊ីខ្យួសាំង ដែលរូបគេធ្លាប់ឈ្នះដោយសារការវ៉ៃប្រដាល់ការពារ កាលពីខែ តុលា កន្លងមក ។ មិនទាន់មានការបញ្ជាក់នោះទេថា រឿង សោភ័ណ្ឌ អាចប្រកួតនាថ្ងៃខាងមុខបាន ដោយរង់ចាំការទៅថតមើលរបួសនោះជាមុនសិន ៕