កាន់តែជក់ចិត្ត ! ប្រដាល់សកលរៀបចំគូដណ្តើមប្រាក់លាន
បន្ទាប់ពីរៀបចំការប្រកួតទទួលបានជោគជ័យពីរសប្តាហ៍កន្លងមក សហព័ន្ធប្រដាល់សកល នឹងរៀបចំការប្រកួតគូដណ្តើមប្រាក់លានសម្រាប់សប្តាហ៍ទី៣ ដើម្បីអោយការប្រកួតកាន់តែ ទទួលបានការចាប់អារម្មណ៍និងកីឡាករប្រឹងប្រែងបន្តទៀត ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលបានលើកថា ការប្រកួតកាន់តែ ល្អមើល និងមានការគាំទ្រច្រើនសម្រាប់ការរៀបចំប្រដាល់សកលពីរសប្តាហ៍នេះ ។ លោកបន្ថែមថា ដើម្បីអោយកាន់តែល្អមើល និងចម្រាញ់បានកីឡាករល្អៗ យើងនឹងរៀបចំដាក់អោយមានការប្រកួតដណ្តើមប្រាក់លាន ។ សម្រាប់គម្រោងគឺគូប្រាក់លានអ្នកឈ្នះទទួលបាន ៣លានរៀល និងចាញ់បាន២លានរៀល ។
គួររំលឹកផងដែរថា ក្រោយមិនមានកម្មវិធីប្រដាល់សកលមួយរយៈកន្លងមក សហព័ន្ធប្រដាល់សកលកម្ពុជាបានរៀបចំកម្មវិធីប្រដាល់សកលឡើងវិញដែលមានឈ្មោះថា Ultimate Boxing Championship 2021 ដែលមានការប្រកួតចំនួន៦គូ នាក្លិបនាយដ្ឋានអង្គរក្ស រៀបរាល់សប្តាហ៍ថ្ងៃ អាទិត្យ ។ សម្រាប់លទ្ធផលទាំង៦គូរួមមាន ៖ ផល ស៊ីឡុង ឈ្នះ ឈិន សីហា , វុទ្ធី ពិសី ចាញ់ រុំ ធារ៉ា , លីន ឌីមង៉ែត ឈ្នះ ឆន ឈៀងរ៉ាន់ , អំ ខេម ឈ្នះ ឈុន ប្រាក់កាក់ , នៅ ស្រីពៅ ស្មើ វី ស្រីស្រស់ និង ទួច ដេវីត ឈ្នះ ខុន ឌីណា ៕ រូបភាព៖ CBF