
មិនធម្មតាទេ! កម្មវិធីសិក្សាមហាវិទ្យាល័យនៅប្រទេសថៃក៏មានការប្រកួតប្រដាល់ដែរ
ប៉ុន្មានម៉ោងមុននេះ អ្នកប្រដាល់គុនថៃ ឌិនណាផូ បានបង្ហោះសារយ៉ាងខ្លីថា រូបគេនឹងទៅចូលរួមប្រកួតប្រដាល់គុនថៃថ្នាក់មហាវិទ្យាល័យទូទាំងប្រទេស ដោយការប្រកួតនឹងប្រារព្វធ្វើឡើងក្នុងខេត្តឧប៊ុនរាជឋានី ប្រទេសថៃ។ ជាមួយគ្នានេះ ឌិនណាផូ បាននិយាយប្រាប់MSR តាម Chat Facebook ថា៖ ពិតណាស់! រូបគេរួមនឹងមិត្តភ័ក្រជាច្រើនទៀតនឹងចេញដំណើរពីខេត្តសុរិន្ទ ឆ្ពោះទៅខេត្តឧប៊ុនរាជឋានី ដើម្បីចូលរួមប្រកួតកីឡាគុនថៃសំរាប់ថ្នាក់មហាវិទ្យាល័យ ដោយការប្រកួតនេះតែងតែធ្វើឡើងជារៀងរាល់ឆ្នាំម្តងនៅប្រទេសថៃ។
សូមបញ្ជាក់ថា ឌិនណាផូ ស.ថាន់យ៉ាឡាក់ គឺជាអ្នកប្រដាល់គុនថៃមួយរូបដែលល្បីឈ្មោះផងដែរ ហើយកាលពីពេលថ្មីៗនេះរូបគេទើបតែប្រកួតឈ្នះកីឡាកររួមជាតិដូចគ្នាគឺ ម៉ៃសុទ្ធ ប៉េឡេបុរីរាំ ក្នុងខេត្តបុរីរាំ ហើយក៏ធ្លាប់ប្រកួតស្មើជាមួយជាមួយកីឡាករ ហ្វុនលួង ផងដែរ។
សំរាប់បទពិសោធន៍របស់កីឡាករគុនថៃរូបនេះមកប្រកួតក្នុងទឹកដីកម្ពុជាចំនួន១២លើកគឺឈ្នះ១០លើក និងចាញ់តែ២លើកតែប៉ុណ្ណោះ ហើយការប្រកួតចុងក្រោយរបស់កីឡាករថៃរូបនេះក្នុងទឹកដីកម្ពុជាគឺផ្តួលឲ្យ មឿន សុខហុច សន្លប់ក្នុងទឹកទី៣៕