កីឡាករខ្មែរ អេរិក ប៉ែន បន្តកំណត់ត្រាមិនចាញ់ក្រោយឈ្នះកីឡាករកូរ៉េ នៅទឹកដីថៃ
នៅមុននេះបន្ថិចអ្នកប្រដាល់សកលកូនខ្មែរសញ្ជាតិអាមេរិក អេរិក ប៉ែន បានបន្តកំណត់ត្រាប្រកួតមិនដែលចាញ់ ក្រោយពីបានយកឈ្នះកីឡាករកូរ៉េខាងត្បូង Hoo Won Lee ដោយពិន្ទុបន្ទាប់ពីប្រកួតពេញ៨ទឹកនាទីក្រុង បាងកក ប្រទេសថៃ ។ ការប្រកួតនេះជាការត្រៀមខ្លួនសម្រាប់អ្នកប្រដាល់ដែលមានម្តាយជាជនជាតិខ្មែរដើមកំណើតចេញពីខេត្តកំពតម្នាក់នេះ ដើម្បីការពារខ្សែក្រវាត់ WBA របស់ខ្លួននាខែមករា ឆ្នាំ ២០២០ នាពេលខាងមុខ ។
Hoo Won Lee ជាម្ចាស់ខ្សែក្រវាត់សកលរបស់កូរ៉េដែលមានបទពិសោធឈ្នះ ៤ និងចាញ់៦ ដង ខណៈកីឡាករកូនខ្មែរ ប្រកួតផ្លូវការចំនួន ៥ដង ឈ្នះសន្លប់ ៤ ដង ហើយនេះជាការឈ្នះពិន្ទុលើកដំបូងរបស់គេផងដែរ ខណៈរូបគេកំពុងកាន់កាប់ខ្សែក្រវាត់ WBA ASIA ហើយការប្រកួតនេះរូបគេប្រកួតតំណាងអោយ ប្រទេសកម្ពុជា និងបានបង្ហាញទង់ជាតិកម្ពុជាអោយពិភពលោកបានស្គាល់ផងដែរ ។
អេរិក បានចាប់ផ្តើមហ្វឹកហាត់នៅក្លិប Saigon Sports Club នៅឆ្នាំ២០១៤ ហើយចាប់ផ្តើមប្រឡូកក្នុងអាជីពប្រដាល់នៅខែសីហា ឆ្នាំ២០១៨ ដោយមានប្រវត្តិឈ្នះទាំងពីរប្រកួតដំបូងរបស់ខ្លួន មុនដណ្តើមបានជើងឯក WBA ASIA South Heavyweight លើកីឡាករឥណ្ឌូនេស៊ី Satria Antasena នៅក្នុងទឹកទី១ នៅក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ និងចុងក្រោយកាលពីថ្ងៃទី ៣ សីហា បានផ្តួលកីឡាករឥណ្ឌូនេស៊ី David Koswara ត្រឹមទឹកទី ១ នាប្រទេស ហ្វីលីពីន ៕