
Ronaldinho ត្រូវបានចារឈ្មោះក្នុង Hall of Fame នាកីឡដ្ឋាន Maracana របស់ប្រេស៊ីលជាមួយ Pele និង Zico
អតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ប្រេស៊ីល Ronaldinho នៅថ្ងៃអង្គារនេះត្រូវបានទទួលកិត្តិយសដ៏ឧត្តមដោយបានចារឈ្មោះបញ្ចូលទៅក្នុងសាលកិត្តិនាម Hall of Fame នៃកីឡដ្ឋាន Maracana។
ក្រៅពីចារឈ្មោះ អតីតសមាជិក PSG, FC Barcelona និង AC Milan ក៏ត្រូវបានផ្តិតបាតជើងដោយត្រូវបានដាក់តាំងជាមួយតារាបាល់ទាត់ប្រេស៊ីលឆ្នើមៗដូចជា Pele និង Zico ក្នុង Walk of Fame ជុំវិញកីឡដ្ឋាន Maracana ដ៏ល្បីល្បាញជាប្រវត្តិសាស្ត្ររបស់បាល់ទាត់ប្រេស៊ីលផងដែរ។
គួររំលឹកថា Ronaldinho Gaucho ចូលនិវត្តន៍ពីវិស័យបាល់ទាត់កាលពីខែមករាឆ្នាំមុន ប៉ុន្តែរូបគេនៅមានវត្តមាននៅក្នុងកម្មវិធីបាល់ទាត់ផ្សេងៗជុំវិញពិភពលោកផងដែរ។ ដោយឡែកម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០០៥ក៏នឹងមកបង្ហាញវត្តមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័តពានរង្វាន់ Tiger Street Football នៅប្រទេសកម្ពុជាផងដែរ។