កីឡាករស៊ុតឲ្យ Juventus លើកពាន Coppa Italia វិះចោលអាជីពបាល់ទាត់កាលអាយុ១៣ឆ្នាំ
រដូវកាលរបស់ Federico Chiesa បានឈានឡើងដល់មួយកម្រិតទៀតហើយពេលគេរកបានគ្រាប់ជ័យជម្នះសម្រាប់ Juventus លើ Atlanta ដោយលទ្ធផល២ទល់នឹង១ ឈានទៅលើកពាន Coppa Italia។ ទោះក្រុមសេះបង្កង់ហាក់ជួបការលំបាកក្នុងរដូវកាលនេះ ការលេងរបស់ Chiesa នៅតែលេចធ្លោ ដោយគេអាចរកគ្រាប់បាល់បាន១៣គ្រាប់ និង assist ១០ដង។ គុណផលនេះទំនងធ្វើឲ្យក្រុមលោក Andrea Pirlo ពិចារណាទិញគេផ្ដាច់តែម្ដងពី Fiorentina ក្នុងតម្លៃ៤០លានអឺរ៉ូ។
យ៉ាងណា មុនឈានដល់ចំណុចល្អដូចបច្ចុប្បន្ន កីឡាករវ័យ២៣ឆ្នាំបានឆ្លងកាត់ការលំបាកច្រើន។
“ខ្ញុំធ្លាប់ជួបស្ថានភាពឡើងចុះកាលពីនៅកុមារ។ ក្នុងអាយុ១៣ឆ្នាំ ពិតជាពេលដ៏លំបាកសម្រាប់ខ្ញុំ។ ខ្ញុំឃើញមិត្តរួមក្រុមឯទៀតលេងឡើងជើងអស់ហើយ និងបានចូលលេងរៀងរាល់សប្ដាហ៍ ប៉ុន្តែខ្ញុំវិញនៅតែដដែល មិនឡើងដូចគេទេ អ៊ីចឹងខ្ញុំស្ទើរតែបោះបង់វាចោលទៅហើយ។ ផ្ទុយទៅវិញ ដោយសារតែការលើកទឹកចិត្តពីឪពុកម្ដាយ និងការខិតខំប្រឹងប្រែង ទើបខ្ញុំអាចវិវឌ្ឍខ្លួនឡើង។”
គួរដឹងដែរថា Federico Chiesa ត្រូវបានដំឡើងចូលក្រុមធំ Fiorentina ក្នុងឆ្នាំ២០១៦ មុនផ្លាស់ទៅ Juventus លើកិច្ចសន្យាខ្ចីក្នុងរដូវកាល២០២០/២០២១។ គេក៏មានឈ្មោះក្នុងបញ្ជីជម្រើសជាតិអ៊ីតាលីទៅ EURO 2020 ដែរ។
ឪពុករបស់គេ គឺលោក Enrico Chiesa ធ្លាប់ជាកីឡាករបាល់ទាត់អាជីពពីចន្លោះឆ្នាំ ១៩៨៨ដល់២០១០ និងជាអតីតកីឡាករជម្រើសជាតិអ៊ីតាលីទៀតផង៕