
អ៊ួច ធារិទ្ធ ថា មនុស្សម្នាក់ជួយខ្លួនចាកចេញពីអំពើមិនល្អកាលពីមុន
មុនក្លាយជាអ្នកប្រដាល់គុនខ្មែរមានឈ្មោះល្បីល្បាញគួរសមមួយរូប អ៊ួច ធារិទ្ធ ធ្លាប់ជាក្មេងដើរចោលផ្ទះសម្បែងសេពគប់មិត្តភក្ដិមិនល្អ រហូតដល់ប្រព្រឹត្តទង្វើដែលសង្គមមិនទទួលស្គាល់។
ក្រោយមក សមាជិកក្រុមជម្រើសជាតិប្រដាល់សកលប្រាប់ថា បានស្គាល់គ្រូបង្វឹក ធី ណារិទ្ធ ទើបលោកបានជួយអូសទាញ និងប្រៀនប្រដៅរូបគេឲ្យទៅជាមនុស្សល្អ ហើយត្រូវបានឪពុកម្ដាយអនុញ្ញាតឲ្យចូលផ្ទះវិញ។
សិស្សគុនក្លិបគុជសារសដដែលអះអាងថា ប្រសិនបើមិនបានស្គាល់ លោកគ្រូ ធី ណារិទ្ធ និងចាប់អាជីពគុនខ្មែរទេ គេប្រហែលមិនអាចអភិវឌ្ឍខ្លួនបានដូចសព្វថ្ងៃទេ។ មិនតែប៉ុណ្ណោះ អាជីពគុនខ្មែរក៏បានជួយជីវភាពគ្រួសារបានច្រើនថែមទៀត ដោយអាចជួយម្ដាយសង់ផ្ទះ និងជួយប្អូនៗលើការរៀនសូត្រ។
អ៊ួច ធារិទ្ធ រំឭកថា បានចាប់ផ្ដើមហ្វឹកហាត់គុនខ្មែរតាំងពីអាយុជាង១០ឆ្នាំតិចតួចម្ល៉េះ តែមិនដែលបានប្រកួតផ្លូវការអ្វីឡើយ ព្រោះកាលណោះមិនសម្បូរក្មេងៗ។ គេក៏ធ្លាប់ហ្វឹកហាត់នៅក្លិបនិរោធន៍មានជ័យរបស់លោកគ្រូ ឯម ចាន់សុផល ផងដែរ មុនផ្លាស់ទៅក្លិបរបស់លោក ធី ណារិទ្ធ។

អ៊ួច ធារិទ្ធ និងលោកគ្រូ ធី ណារិទ្ធ
៣ឆ្នាំចុងក្រោយនេះ អ៊ួច ធារិទ្ធ បានជាប់ជាសមាជិកក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា និងត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្នុងប្រទេសវៀតណាម ខែឧសភា ខាងមុខ។ គេមានក្ដីស្រមៃចង់ឈ្នះមេដាយជូនប្រទេសជាតិ និងចូលរួមស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣៕