ការប្រកួតរបស់ កែវ រំចង់ នៅជប៉ុនប្រើច្បាប់ K-1 ហើយបើឈ្នះមានឱកាសឡើងដណ្តើមខ្សែក្រវាត់
តោកំណាច កែវ រំចង់ នឹងចេញដំណើរជាមួយក្រុមការងារ The Riel Team របស់ខ្លួនឆ្ពោះទៅកាន់ទឹកដីប្រទេសជប៉ុននាថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះហើយដើម្បីចូលរួមប្រកួតលក្ខណៈ Kickboxing ជាលើកដំបូងក្នុងអាជីពប្រដាល់របស់ខ្លួន និងការប្រកួតទម្ងន់ ៦៧ គីឡូក្រាមដែលរូបគេខកខានប្រកួតជិត១០ឆ្នាំកន្លងមកផងដែរ ។
កីឡាករខេត្តបាត់ដំបង កែវ រំចង់ ដែលធ្លាប់តែប្រកួតលក្ខណៈគុនខ្មែរពីមុនមកនោះនឹងត្រូវប៉ះជាមួយម្ចាស់ផ្ទះ Yamagiwa Kazuki លក្ខណៈ Kickboxing ដែលប្រើច្បាប់ K-1 នៃការប្រកួតកម្មវិធី Big Bang 37 ដែលធ្វើឡើងនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ នាទីក្រុង តូក្យូ ប្រទេសជប៉ុន ។
លោក Miguel Acosta Meyer ដែលជាអ្នកនាំ កែវ រំចង់ ចេញប្រកួតក្រៅប្រទេសនេះបានប្រាប់ MSR SPORT ថា៖
ការប្រកួតនេះគឺប្រើច្បាប់ K-1 ដែលធ្វើឡើងត្រឹមតែ៣ទឹកប៉ុណ្ណោះដោយក្នុង១ទឹកមាន៣នាទី ហើយអាចប្រើបានកណ្តាប់ដៃ ទាត់ និងអាចបោះជង្គង់បានមួយៗ ប៉ុន្តែមិនអាចប្រើ កែង បាននោះទេ ។ លោកបន្តថា វាពិបាកខ្លះដែរសម្រាប់ រំចង់ ដែលគាត់ប្រកួតលក្ខណៈបែបនេះលើកដំបូង ប៉ុន្តែក្រុមការងាររបស់លោកបានកំពុងបង្ហាត់គាត់យ៉ាងល្អអំពីរបៀបនៃការប្រកួតបែបនេះ ហើយជាពិសេសទៀតនោះគឺនេះជាជំហានដំបូងរបស់ រំចង់ ក្នុងការធ្វើទម្ងន់មកប្រកួត ៦៧ គីឡូក្រាម បន្ទាប់ពីគាត់បានខកខានច្រើនឆ្នាំ ។ បន្ទាប់ពីប្រកួតនេះលោកជឿជាក់ថា រំចង់ នឹងកាន់តែល្អសម្រាប់ការប្រកួតទម្ងន់នេះ ហើយរូបគេនឹងឈានទៅកម្រិតមួយទៀតដែលខុសប្លែកពីការប្រកួតរាល់ដងរបស់គាត់ ។ សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីឆ្ពោះទៅកាន់ជើងឯកនេះដៃគូរបស់ កែវ រំចង់ កីឡាករជប៉ុន Yamagiwa Kazuki មានបទពិសោធប្រកួត ៤៦ ឈ្នះ ៣០ ចាញ់ ១២ និងផ្តួលដៃគូអោយសន្លប់៩ដង ចំណែក កែវ រំចង់ ការប្រកួតនេះរូបគេដាក់ប្រវិត្តប្រកួតគុនខ្មែរ ១៦៦ ដង ឈ្នះ ១៤៩ និងចាញ់ ១៣ ប្រកួតចុងក្រោយចាញ់កីឡាករបារាំងក្នុងទឹកទី៤ដោយសាររបួស នាទឺកដីបារាំង ៕