កីឡាករក្លិបអង្គរមានជ័យខេត្តសៀមរាបប្រមូលប្រាក់រង្វាន់ពីកម្មវិធីប្រដាល់គោជល់
ក្លិបប្រដាល់គុនខ្មែរអង្គរមានជ័យខេត្តសៀមរាប បានក្លាយជាជើងឯកក្លិបប៉ះក្លិប ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដែលរៀបចំឡើងកាលពីថ្ងៃ សៅរ៍ នាសង្វៀន CNC បន្ទាប់ពីកីឡាករពីររូបទទួលបានជ័យជម្នះលើក្លិប នាយកដ្ឋានអង្គរក្ស ។ ការប្រកួតជើងឯកក្លិបប្រដាល់ប៉ះគ្នាសប្តាហ៍ទី១នាសង្វៀន CNC កីឡាករនៃក្លិបអង្គរមានជ័យខេត្តសៀមរាប ទទួលបានជ័យជម្នះ២ នាក់ និងចាញ់ម្នាក់ ។
ក្នុងនោះមានកីឡាករ សេក គឹមផាក បានផ្តួលកីឡាករ អេលីត កែវឡុង របស់ក្លិប នាយកដ្ឋានអង្គរក្ស ត្រឹមតែ២ ទឹកប៉ុណ្ណោះ បន្ទាប់ពីវាយអោយរាប់២ដង ក្នុងទឹកទី១ និងចូលដល់ទឹកទី២ បានវាយផ្តាច់អោយ បោះបង់ការប្រកួតតែម្តង ។ អ្នកប្រដាល់ដែលទទួលបានជ័យជម្នះម្នាក់ទៀតរបស់លោកគ្រូ សេក គឹមសន គឺ សេក គឹមសាន្ត បន្ទាប់តស៊ូយ៉ាងស្វឹតស្វាញជាមួយកីឡាករ សែត សារិទ្ធ ពេញ៥ទឹក ជាលទ្ធផលឈ្នះដោយពិន្ទុឯកច្ឆ័ន្ទ ។ កីឡាករ ថុល មករា រកបានជ័យជម្នះជូនក្លិបនាយកដ្ឋានអង្គរក្ស បានមួយវិញ បន្ទាប់ពីយកឈ្នះកីឡាករ សេក គឹមរួន ដោយពិន្ទុ ក្រោយប្រកួតពេញ៥ទឹក ។
កីឡាករក្លិបអង្គរមានជ័យដែលឈ្នះទទួលបានប្រាក់រង្វាន់ម្នាក់៥០ម៉ឺនរៀល និងខាងក្លិប ទទួលបាន ៥០ ម៉ឺនបន្ថែមទៀត ដោយសារកូនសិស្សធ្វើបានល្អ ។ សម្រាប់សប្តាហ៍នេះកម្មវិធីខ្សែក្រវាត់កំពូលជើងឯករដូវកាលទី២ នឹងចាប់ផ្តើមប្រកួត ដែលមាន វេន សុភ័ក្រ ប៉ះ សុខ សុវណ្ណ និង សូដា កូម៉ាន់ ជួប ធី វ៉ារិទ្ធ ដោយធ្វើនៅថ្ងៃ សៅរ៍ ទី ២ ខែ មេសា ចាប់ពីម៉ោង ៦ល្ងាចនឹងមានផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕