
គុនខ្មែរ ៤នាក់ចុងក្រោយខ្សែក្រវាត់គោជល់កំពូលជើងឯក
ការប្រកួតខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯកបានប្រកួតបញ្ចប់តាមពូលនីមួយៗ និងរកឃើញបេក្ខភាព ៤នាក់ចុងក្រោយដែលត្រូវប្រកួតជាមួយគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចរាល់ហើយ ។ សម្រាប់ពូល A អ្នកលេខ១ គឺ ម៉ឺន មេឃា ដែល៣ប្រកួតឈ្នះទាំងអស់មាន ៩ពិន្ទុ ។ លេខ២ កីឡាករ ឈុត សេរីវា៉ន់ថង ៣ប្រកួត ឈ្នះ ២ និងចាញ់១ មាន ៧ ពិន្ទុ ។ ចំណែកពូល B ដែលទើបប្រកួតចប់ក្នុងពូលកាលពីចុងសប្តាហ៍នេះ វេង សុភ័ក្រ ស្ថិតនៅកំពូលតារាងដោយ ៣ប្រកួត ឈ្នះទាំង៣ប្រកួត ក្នុងនោះឈ្នះ ស្វ័យប្រវិត្ត១ប្រកួត ( តាញ់ មករា ធ្វើគីឡូមិនបាន ) និងលេខ២ គឺកីឡាករ តាញ់ មករា ដោយ ៣ប្រកួត ឈ្នះ ២ និងចាញ់ ស្វ័យប្រវិត្ត១ប្រកួត មាន ៦ ពិន្ទុ ។
សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ្នកលេខ១ពូល A ប៉ះ អ្នកលេខ២ ពូល B និងអ្នកលេខ២ ពូល A ជួបអ្នកលេខ១ ពូល B ៖
- ម៉ឺន មេឃា ប៉ះ តាញ់ មករា
- ឈុត សេរីវ៉ាន់ថង ប៉ះ វេង សុភ័ក្រ
ការប្រកួតវគ្គ៤នាក់ចុងក្រោយគ្រោងនឹងធ្វើការប្រកួតនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២១ នាសង្វៀន CNC ឬស្សីកែវ ចាប់ពីម៉ោង ៦ ល្ងាចតទៅ ។ អ្នកឈ្នះក្នុងវគ្គនេះនឹងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ដែលមានប្រាក់រង្វាន់ ៥០០០ ដុល្លារ ។ ម្ចាស់ខ្សែក្រវាត់ក្នុងវគ្គនេះក៏មានឱកាសទៅប្រកួតដណ្តើមខ្សែក្រវាត់១គ្រឿងទៀតជាមួយ ឃីម បូរ៉ា ដែលមានប្រាក់រង្វាន់ ៥០០០ ដុល្លារទៀតផងដែរ ៕