សែន រ៉ាដេត បារម្ភខ្លាំងសម្រាប់ប្រកួតលើកដំបូង បន្ទាប់ពីខកខានច្រើនឆ្នាំ
ក្រោយខកខានប្រកួតអស់រយៈពេលប្រហែល៣ឆ្នាំកន្លងមកពេលនេះអ្នកប្រដាល់គុនខ្មែរទម្ងន់ស្រាល សែន រ៉ាដេត បានវិលមកប្រកួតលើសង្វៀនវិញហើយ ខណៈរូបគេបានបង្ហាញក្តីបារម្ភខ្លាំងសម្រាប់ការប្រកួតលើកដំបូងដែលត្រូវជួប ជាមួយកីឡាករថៃ នាសង្វៀន CNC ឬស្សីកែវខាងមុខនេះ ។
តាមការបញ្ជាក់របស់ សែន រ៉ាដេត ថាមិនទាន់ហ៊ានធានា ថានឹងអាចធ្វើបានល្អដល់កម្រិតណានោះទេ ប៉ុន្តែនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពសម្រាប់ការវិលមកសង្វៀនសារជាថ្មីនេះ ។ បន្ថែមពីលើនេះអ្នកប្រដាល់ខេត្តកោះកុង មានការបារម្ភច្រើនសម្រាប់កម្លាំងរបស់ខ្លួនដែលហាក់បីដូចជាមិនទាន់មកដូចដើម ពោលការហាត់នៅឆាប់ហត់នៅឡើយ ។
សូមបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរទម្ងន់ស្រាល សែន រ៉ាដេត នឹងត្រូវជួបកីឡាករថៃ ស៊ុពើ វីនឧប៊ុន លើប្រភេទទម្ងន់ ៥៤ គីឡូក្រាម ដែលធ្វើឡើងនៅថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ក្នុងកម្មវិធីគូអន្តរជាតិដណ្តើមប្រាក់លាន ខារ៉ាប៉ាវ ចាប់ពីម៉ោង ២ និង ៣០ នាទីរសៀល ដែលមានផ្សាយផ្ទាល់តាមទូរទស្សន៍ CTN CNC និង MYTV ៕