ក្រុមបាល់ទាត់ជម្រើសជាតិចិនបានរង្វាន់ជាង១៥ម៉ឺនដុល្លារក្រោយស៊ីក្រុមលេខ១៩៨ពិភពលោក ៧-០
ក្នុងការប្រកួតលើទឹកដីខ្លួនឯង ក្រុមបាល់ទាត់ជម្រើសជាតិចិន បានបំបាក់ក្រុមភ្ញៀវកោះហ្គាំដែលមានចំណាត់ថ្នាក់លេខ១៩៨ពិភពលោក ដោយលទ្ធផល៧ទល់នឹង០ក្នុងវគ្គជម្រុះ FIFA World Cup 2022 តំបន់អាស៊ីនៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា។
សារព័ត៌មាន Sina ផ្សាយថា សហព័ន្ធកីឡាបាល់ទាត់ចិនបានផ្ដល់ប្រាក់រង្វាន់១លានយ័ន ស្មើនឹង១៥៧០០០ដុល្លារអាមេរិកដើម្បីលើកទឹកចិត្តក្រុមចំពោះជ័យជម្នះនេះ ក្រោយខកខានការប្រកួតអន្តរជាតិជិត២ឆ្នាំ។
៧គ្រាប់នោះរកបានដោយខ្សែប្រយុទ្ធ Wu Lei របស់ Espanyol និងខ្សែប្រយុទ្ធចិនដើមកំណើតប្រេស៊ីល Alan ម្នាក់២គ្រាប់។ ចំណែក៣គ្រាប់ទៀតធ្វើបានដោយ Jin Jingdao, Wu Xi និង Elkeson។
បើតាមសារព័ត៌មាន Sina គឺក្រុមជម្រើសជាតិចិនគ្រប់គ្រង៩០ភាគរយនៃការប្រកួត មានឱកាសស៊ុត៣៧ដងចំគោលដៅ និងរកបាន៧គ្រាប់ពីមុខអ្នកទស្សនា៣ម៉ឺននាក់។
យ៉ាងណា ជ័យជម្នះ៧ទល់នឹង០នេះមិនសំខាន់ឡើយ។ កោះហ្គាំស្ទើរតែជាក្រុមបាតតារាងទៅហើយប្រចាំពូល A។ ចំណែកចិនវិញ ឈរលេខ២ ហើយលទ្ធផលឈ្នះហ្គាំនេះមិនរាប់បញ្ចូលទេសម្រាប់បែងចែកក្រុមលេខ២ល្អ (Best Runner Up) យកកៅអីទៅកាន់ជុំទី៣ ជម្រុះ World Cup ជាបន្ត។
ក្រុមជម្រើសជាតិចិនត្រូវបន្តជួបម៉ាល់ឌីវថ្ងៃទី០៣ មិថុនា, ហ្វីលីពីន ថ្ងៃទី០៩ មិថុនា និងក្រុមកំពូលតារាង ស៊ីរី ថ្ងៃទី១៥ ខែមិថុនា៕