គ្រូបែលហ្ស៊ីកខឹង Rudiger ដែលធ្វើឲ្យ De Bruyne របួសភ្នែក និងបែកច្រមុះ
លោក Roberto Martinez គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីកមានអារម្មណ៍មិនសប្បាយចិត្តឡើយចំពោះទង្វើរបស់ Antonio Rudiger ធ្វើដាក់ Kevin de Bruyne ឲ្យមានរបួសភ្នែក រហូតត្រូវបានប្ដូរចេញ។
“សម្រាប់ខ្ញុំ Rudiger ហេងហើយ។ ពេលមើលរូបភាពយឺតៗម្ដងទៀត អត់មានប៉ះក្បាលគ្នាទេ។ Rudiger ប្រើស្មាអុក De Bruyne យកតែម្ដង តែធ្វើដូចមិនដឹងអី។ សមតែកាតក្រហមទេ។” នេះជាការលើកឡើងរបស់លោក Roberto Martinez។
អតីតអ្នកចាត់ការ Everton បន្ថែម “៖ មើលទៅគេឈឺប៉ុនណា! ភ្នែកគេឡើងហើយហ្នឹង។”
De Bruyne បានប៉ះទង្គិចគ្នាជាមួយ Rudiger ក្នុងនាទី៥៦ នៃពានរង្វាន់ UEFA Champions League រវាង Chelsea និង Manchester City។ De Bruyne បានដួលលើទីលាន៥នាទី មុនត្រូវបានប្ដូរចេញដោយសាររបួសខ្លាំងលើភ្នែក និងបែកច្រមុះ។
ខ្សែបម្រើ Manchester City រូបនេះត្រូវចំណាយពេល២សប្ដាហ៍ដើម្បីឲ្យធូរស្បើយវិញ។ ដូច្នេះក្នុងការប្រកួត EURO 2020 គេត្រូវពាក់ម៉ាសភ្នែកដើម្បីបាំងកន្លែងរបួស។
នៅ EURO 2020 បែលហ្ស៊ីកស្ថិតក្នុងពូលជាមួយដាណឺម៉ាក, ហ្វាំងឡង់ និងរុស្ស៊ី៕