
Oscar ចង់ក្លាយជាកីឡាករចិន
(BC-99)
ខ្សែបម្រើក្លឹបបាល់ទាត់ Shanghai SIPG របស់ចិន Oscar dos Santos មានចំណាប់អារម្មណ៍លេងឱ្យក្រុមជម្រើសជាតិចិនប្រសិនបើ FIFA អនុញ្ញាតិអោយគេអាចប្រើប្រាស់ការផ្លាស់ប្តូរសញ្ជាតិ។
អតីតកីឡាកររបស់ តោខៀវ Chelsea រូបនេះបានបង្ហាញខ្លួនជាផ្លូវការណ៍ចំនួន ៤៧ ប្រកួតក្នុងនាមជាកីឡាករជម្រើសជាតិ ប្រេស៊ីល និងបានជួយអោយក្រុមមួយនេះឈ្នះពានរង្វាន់ Confederations Cup ឆ្នាំ ២០១៣ ហើយបានបង្ហាញខ្លួនជាលើកចុងក្រោយអោយ ប្រេស៊ីល នៅក្នុងការប្រកួតជម្រុះ World Cup ដោយបានឈ្នះ ប៉េរូ កាលពីខែវិច្ឆិកាឆ្នាំ ២០១៥ កន្លងទៅ។
Oscar បានផ្លាស់ទៅលីគកំពូលចិនកាលពីខែធ្នូឆ្នាំ ២០១៦ ហើយនឹងបានបំពេញតាមតម្រូវការដើម្បីក្លាយជាពលរដ្ឋចិនដែលនឹងទទួលបានសញ្ជាតិនៅឆ្នាំក្រោយនេះ។
ប៉ុន្តែបទបញ្ញត្តិរបស់ FIFA បានចែងហាមឃាត់កីឡាករមិនអោយផ្លាស់ប្តូរក្រុមជម្រើសជាតិបានឡើយប្រសិនបើពួកគេធ្លាប់បានក្លាយជាកីឡាករជម្រើសជាតិឈុតធំណាមួយរួចហើយនោះ។ ប៉ុន្តែ Oscar នៅតែចង់ក្លាយជាកីឡាករជម្រើសជាតិ ចិន ប្រសិនបើ FIFA ផ្លាស់ប្តូរមាត្រានៃច្បាប់ខាងលើនេះ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន CGTN ដែលជាទូរទស្សន៍ភាសាអង់គ្លេសរបស់ ចិន ថា “ខ្ញុំអាចធ្វើបានត្រឹមតែការគិត។ វាពិបាកក្នុងការលេងអោយក្រុមជម្រើសជាតិប្រេស៊ីលនាពេលនេះ ប៉ុន្តែនៅប្រទេសចិនអ្នករាល់គ្នាមើលឃើញថាខ្ញុំលេងបានល្អប៉ុណ្ណា។ បើ FIFA អាចធ្វើការផ្លាស់ប្តូរច្បាប់ ហើយបើក្រុមជម្រើសជាតិចិនត្រូវការខ្សែបម្រើល្អម្នាក់ដូច្នេះខ្ញុំអាចជួយពួកគេអោយកាន់តែខ្លាំងបាន” ។
មានការហូរចូលកីឡាករពីបរទេសជាច្រើនក្នុង CSL នាប៉ុន្មានឆ្នាំថ្មីៗនេះដោយសារតែមានការវិនិយោគយ៉ាងច្រើនក្នុងវិស័យបាល់ទាត់នៅក្នុងប្រទេសចិនដែលធ្វើឱ្យក្លឹបនីមួយៗនៅក្នុងប្រទេសនេះអាចផ្តល់ប្រាក់ឈ្នួលយ៉ាងច្រើនដល់កីឡាករបាល់ទាត់គ្រប់ៗរូប។
Oscar ដែលបានផ្លាស់ពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ ៦១ លានផោនចង់ធ្វើតាមលំនាំកីឡាករ Elkeson របស់ក្រុម Guangzhou Evergrande ដែលបានផ្លាស់សញ្ជារតិ ប្រេស៊ីល និងបានក្លាយជាកីឡាករជម្រើសជាតិចិន ក៏ប៉ុន្តែខ្សែប្រយុទ្ធបរូបនេះមិនដែលជាប់ឈ្មោះជាកីឡាករ ប្រេស៊ីល ម្តងណានៅឡើយទេ។