Lovren ចាកចេញពី Liverpool ទៅ Zenit ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ
(BC-99)
កីឡាករវ័យ ៣១ ឆ្នាំ Dejan Lovren បានចូលរួមជាមួយក្រុមម្ចាស់ជើងឯកថ្មីរបស់ អង់គ្លេស នៅឆ្នាំ ២០១៤ ពីក្លិប Southampton និងបានបង្ហាញខ្លួនចំនួន ១៨៥ ប្រកួតសម្រាប់ក្លឹប Merseyside ដោយរកបាន ៨ គ្រាប់។
កីឡាករសញ្ជាតិក្រូអាស៊ីរូបនេះបានបង្ហើបនូវសោកស្តាយរបស់ខ្លួនដែលចាំបាច់ត្រូវតែចាកចេញ ក៏ប៉ុន្តែក៏បានបង្ហាញនូវក្តីរីករាយរបស់ខ្លួនដែរដែលបានការឈ្នះពានរង្វាន់ពីររដូវកាលចុងក្រោយជាមួយ Liverpool ដែលក្នុងនោះមានដូចជាពាន Champions League, UEFA Super Cup, Club World Cup និង Premier League ។
លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមបានប្រាប់គេហទំព័រផ្លូវការរបស់ Liverpool ថា “វីរបុរសរបស់ហង្សក្រហមដែលនឹងចាកចេញទៅនេះគឺពិតជាផ្នែកមួយដ៏សារសំខាន់របស់ក្រុមនេះ។ ចាប់តាំងពីថ្ងៃដំបូង ខ្ញុំចាំបានថាពេលយើងលេងជាមួយ [Borussia] Dortmund ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល Dejan បានតែតបាល់បញ្ចូលទីបានយ៉ាងល្អមិនគួរឱ្យជឿ។ នោះជារូបភាពដែលដក់នៅក្នុងចិត្តខ្ញុំរហូតមកដល់ពេលនេះ។ គេគឺជាកីឡាករឆ្នើមនិងជាមនុស្សអស្ចារ្យ។ យើងនឹងនឹកគាត់។ គាត់ជាអត្តពលិកគំរូ។ គាត់មានអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការប៉ុន្តែពេលនេះគាត់ទៅប្រទេសរុស្ស៊ីហើយ”។
គួរឲ្យដឹងដែរថាពេញមួយរដូវកាល ២០១៩-២០២០ នេះ Lovren បានចូលរួមប្រកួតអោយ Liverpool បានត្រឹមតែ១០ដងប៉ុណ្ណោះ។ បើតាមសេចក្តីរាយការណ៍ថា Zenit បានចំណាយប្រាក់ប្រមាណ ១២ លានផោនសម្រាប់ខ្សែការពារកណ្តាលរូបនេះ ដោយពួកគេរំពឹងថា Dejan Lovren នឹងជួយអោយដំបន់គ្រោះថ្នាក់របស់គេកាន់តែមានសុវត្ថិភាពជាងមុន។