វីរបុរសបាល់ទាត់កម្ពុជា ប៉ែន ផាត ត្រូវបានក្លិប ឈុនបូរី បន្តកុងត្រានិងផ្តល់ប្រាក់ខែពេញទោះបីមានបញ្ហាកូវីដ១៩
ទោះបីជួបបញ្ហាដោយសារជំងឺកូវីដ១៩ធ្វើអោយផ្អាកការហ្វឹកហាត់យ៉ាងក្តីក៏ក្លិបបាល់ទាត់ខេត្ត ឈុនបូរី នៅតែបន្តកុងត្រានិងផ្តល់ប្រាក់ខែពេញធម្មតាដល់អតីតវីរបុសបាល់ទាត់កម្ពុជា លោក ប៉ែន ផាត ដែលធ្លាប់ជាកីឡាករបាល់ទាត់ដ៏ឆ្នើមប្រកបអាជីពក្នុងទឹកដីប្រទេស ថៃ និងមានតួនាទីជាគ្រូបង្វឹកថ្នាលយុវជន TKS ដែលស្ថិតនៅខេត្ត ឈុនបូរី ប្រទេសថៃ ។
អតីតកីឡាករជម្រើសជាតិកម្ពុជា ជំនាន់ទសវត្សទី ៦០ បានបង្ហើបថានេះជាលើកទី៣ដែលលោកបានបន្តកុងត្រាដឹកនាំក្លិប យុវជន នៅខេត្ត ឈុនបូរី ពោលចាប់តាំងពីឆ្នាំ ២០១៨ មក ហើយក្នុងឆ្នាំ ២០២០ នេះទោះបីកំពុងមានបញ្ហាជំងឺកូវីដ១៩ ក៏ដោយក្លិបនៅតែបន្តកុងត្រានិងផ្តល់ប្រាក់ខែអោយលោកពេញដោយសារគេបានស្គាល់ពីសមត្ថភាពរបស់លោកច្បាស់និងផ្លល់តម្លៃពីអ្វីដែលលោកបានធ្វើ ។
លោកបន្ថែមថា សាលាបាល់ទាត់ Thai Kid Soccer ដែលបានបង្កើតឡើងប្រមាណជិត២០ឆ្នាំមកហើយ និងផ្ដោតលើការអភិវឌ្ឍយុវជន មិនត្រឹមតែលើបាល់ទាត់ទេ តែក៏ផ្ដល់ឱកាសរៀនសូត្រដើម្បីអភិវឌ្ឍជីវិត ដោយមានទាំងកីឡាផ្សេងៗ, សិល្បៈ និងតន្ត្រី ទៀតផង។ ក្រុមរបស់នេះមានយុវជនពីចន្លោះអាយុ១១ឆ្នាំដល់១៨ឆ្នាំ ដោយហូបចុកស្នាក់នៅក្លិបតែម្ដង។
លោកធ្លាប់បានដឹកនាំកូនក្រុមឈ្នះជើងឯកពានរង្វាន់ 15th Thai Prime Minister Cup 2019 កាលពីឆ្នាំ២០១៩ សម្រាប់ក្រុមយុវជនក្រោមអាយុ១៨ឆ្នាំនិងធ្លាប់ជួយក្រុម Thai Kid Soccer ឈ្នះជើងឯកពាននេះកាលពីឆ្នាំ២០១៨ ផងដែរ ។
សូមបញ្ជាក់ថា លោក ប៉ែន ផាត ជាកីឡាករខ្មែរម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់ខ្មែរទាំងឡាយដែលបានជួយ ឲ្យក្រុមជម្រើសជាតិកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤នៃពានរង្វាន់ Asian Cup ឆ្នាំ ១៩៧២។ កាលជំនាន់នោះ លោកក៏ជាកីឡាករខ្មែរម្នាក់ដែលបានលេងជាមួយកីឡាករបាល់ទាត់ ប្រវត្តិសាស្ត្ររបស់ ប្រេស៊ីលស្ដេចបាល់ទាត់ Pele នៅពេលដែលរូបលោកត្រូវបានគេជ្រើសរើសជាកីឡាករល្អប្រចាំក្លិប Rapracha FC នៅប្រទេសថៃ។ ពេលនោះលោកឲ្យ Thai All Stars ទល់នឹងក្រុម Santos របស់ Pele ។
អំឡុងពេលមានសង្គ្រាម លោក ប៉ែន ផាត និងក្រុមគ្រួសារបានរត់គេចទៅស្នាក់នៅប្រទេសបារាំង លោកធ្លាប់ជាអតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាកាលពីទសវត្ស១៩៦០-៧០ ហើយជំនាន់នោះ លោកក៏បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរនៅក្នុងក្លិប Rapracha នៃក្របខណ្ឌកំពូលរបស់ថៃនាសម័យនោះ រហូតទទួលបានរហស្សនាមថា «ពស់កេងកង»។លោកក៏ធ្លាប់ចេញទៅប្រកួតនិងរៀនបច្ចេកទេសបាល់ទាត់នៅតំបន់អ៊ីរ៉ុប ផងដែរ ដូចជា អាឡឺងម៉ង់ និងបារាំង ជាដើម ។ប្រជាជនថៃទទួលស្គាល់ពីសមត្ថភាពរបស់លោកនិងធ្លាប់ផ្តល់សញ្ជាតិថៃដល់លោកទៀតផង ប៉ុន្តែលោកមិនព្រម ។
បុរសវ័យ ៧២ឆ្នាំរូបនេះក៏ធ្លាប់ត្រឡប់មកប្រទេសកម្ពុជា វិញកាលពីឆ្នាំ២០១៥-២០១៦ កន្លងទៅផងដែរ ដោយដឹកនាំក្រុមវេស្ទើនភ្នំពេញ ប៉ុន្តែដឹកនាំបានមួយរយៈលោកបានធ្វើដំណើរត្រឡប់ទៅប្រទេសបារាំងវិញ ដោយសារក្លិបមិនអាចធ្វើតាមអ្វីដែលលោកចង់បាន ៕