Pogba ព្យាយាមហ្វឹកហាត់ត្រឡប់មកកាន់ទីលានអោយទាន់ការប្រកួតរវាង Man Utd និង Man City
(BC-99)
ដោយបានបង្ហោះរូបវីឌីអូឃ្លីបរបស់ខ្លួននាអំឡុងពេលហ្វឹកហាត់ Paul Pogba ហាក់ដូចជាមានចេតនាក្នុងការវិលត្រឡប់មកកាន់ទីលានប្រកួតវិញបើទោះជារូបគេបានខកខានជួយក្រុម Manchester United នាពេលកន្លងមកយ៉ាងណាក្តី។
ខ្សែបម្រើសញ្ជាតិបារាំងរូបនេះអាចនឹងវឹលត្រឡប់ទៅកាន់ការប្រកួត Manchester Derby នៅទឹកដី Old Trafford នាថ្ងៃទី ៨ ខែមីនាបន្ទាប់ពីបានជាសះស្បើយពីរបួសកជើងដូចដែលគេបានធ្វើការតាំងចិត្តយ៉ាងមុតមាំរួចមកហើយ។ តាមរយៈវីឌីអូខ្លីរបស់ខ្លួននៅលើ Instagram បានបង្ហាញថា Pogba វ័យ ២៦ ឆ្នាំកំពុងតែស្ថិតនៅលើផ្លូវជាសះស្បើយនិងអាចវឹលមកកាន់ទីលានប្រកួតបាន។
សារព័ត៌មានអង់គ្លេស Daily Mail បានអះអាងថាម្ចាស់ជើងឯកបាល់ទាត់ពិភពលោករបស់បារាំងរូបនេះបានរំពឹងថានឹងចាប់ផ្តើមចូលមកហ្វឹកហាត់នៅ Carrington ឡើងវិញក្នុងរយៈពេលពីរសប្តាហ៍ទៀត។ ប្រសិនបើគ្មានការប្រែប្រួលនោះទេ ផែនការវឹលមកប្រកួតតទល់ជាមួយក្រុមលោក Pep Guardiola នៅខែក្រោយពិតជាកើតឡើងគួរអោយចាប់អារម្មណ៍ជាពុំខាន។
Pogba បង្ហាញខ្លួនបានតែ ៧ ប្រកួតប៉ុណ្ណោះអោយក្រុម Man Utd នៅ Premier League នារដូវកាលនេះដោយបានបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានតែ ២ គ្រាប់និងមិនអាចស៊ុតបញ្ចូលទីបានសូម្បីតែមួយគ្រាប់។
សារព័ត៌មាននានានៅពេលនេះកំពុងតែផ្តោតអារម្មណ៍ទៅលើការវឹលត្រឡប់ទៅរកភាពរឹងមាំពេញលេញឡើងវិញរបស់ Pogba បើទោះបីជាមានការសង្ស័យជុំវិញពីអនាគតមិនឋិតថេររបស់គេជាមួយក្រុម United បែបណាក៏ដោយ។ រីឯ Pogba ខ្លួនឯងក៏បានប្តេជ្ញាថានឹងធ្វើឱ្យរូបគេក្លាយជាកីឡាករដ៏លេចធ្លោឡើងវិញនៅក្នុងក្រុម Man Utd មុនពេលបញ្ចប់យុទ្ធនាការឆ្នាំ ២០១៩/២០ នេះ។