ធី ណារិទ្ធ សង្ឃឹមខ្ពស់លើ ភូលូ ក្នុងជំនួបជាមួយ Antonio ម្ចាស់ខ្សែក្រវាត់ WLC
លោក ធី ណារិទ្ធ គ្រូបង្វឹករបស់អ្នកប្រដាល់វ័យក្មេង រិទ្ធ ភូលូ បានបង្ហាញការជឿជាក់ខ្ពស់ទៅលើកូនសិស្សរបស់លោកថានឹងធ្វើបានល្អក្នុងជំនួបជាមួយកីឡាករ Antonio Faria ម្ចាស់ខ្សែក្រវាត់ WLC របស់ភូមាថ្មីៗ នាសង្វៀនឯកភ្នំ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ។
គ្រូនៃក្លិប អាណាចក្រគុនខ្មែរ បង្ហើបថា ឆ្លងកាត់ការតាមដានការប្រកួតរបស់កីឡាករទ័រទុយហ្គាល់ រូបនេះ លោកយល់ថា មិនពិបាកខ្លាំងនោះទេសម្រាប់ ភូលូ ពីព្រោះលោកបានមើលការប្រកួតរបស់គេជាមួយកីឡាករ គុនខ្មែរ ធឿន ធី ឃើញថាក្បាច់មួយចំនួនរបស់គេកូនសិស្សរបស់លោកអាចសង្ឃឹមច្រើនថានឹងបានជ័យ ជម្នះ ។ លោកបន្ថែមថា មិនត្រឹមតែ ភូលូ នោះទេ សូប្បីតែកូនសិស្សរបស់លោក អ៊ូច ធារិទ្ធ ក៏លោកជឿថា អាចទប់ទល់ជាមួយកីឡាករ Antonio នេះបានដែរ ។
តោខ្មៅវ័យក្មេងមិនដែលប៉ះអ្នកប្រដាល់មកពីតំបន់អឺរ៉ុបនោះទេ សម្រាប់ការប្រកួតអន្តរជាតិរបស់គេនា ពេលកន្លងមក ដោយជួបតែថៃ និងវៀតណាម ម្តងតែប៉ុណ្ណោះ ។
សម្រាប់ Antonio Faria ជាជើងខ្លាំងមួយរូបដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរបានម្តងដោយឈ្នះពិន្ទុ កីឡាករ ធឿន ធី ខណៈរូបគេទើបទទួលបានខ្សែក្រវាត់ថ្មីពីប្រទេសមីយ៉ាន់ម៉ា ក្នុងកម្មវិធី WLC – World Lethwei Championship ដោយផ្តួលកីឡាករម្ចាស់ផ្ទះ ៕