One Championship បដិសេធមិនយក រឿង សោភ័ណ្ឌ ទៅប្រកួត
មានអ្នកគាំទ្រជាច្រើនចង់ឃើញអ្នកលេងកណ្តាប់ដៃ រឿង សោភ័ណ្ឌ ឡើងប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក One Championship ខណៈលោកគ្រូ ហ៊ុន ចាន់រាជ ដែលជាអ្នកដឹកនាំកីឡាករទៅក្រៅប្រទេសក៏ធ្លាប់បង្ហាញពីបំណងចង់នាំម្ចាស់ខ្សែក្រវាត់៨គ្រឿងនេះចេញទៅប្រកួតផងដែរ ប៉ុន្តែបំណងនេះត្រូវបានខាងកម្មវិធី One បដិសេធ ។
តាមរយៈការ Live ម្សិលមិញគ្រូបង្វឹកនៅក្លិប Cambodian Top Team បានបញ្ជាក់ថា លោកបានបញ្ចូនឈ្មោះកីឡាករ រឿង សោភ័ណ្ឌ ទៅ One Championship ជាច្រើនលើករួចមកហើយ ប៉ុន្តែខាងកម្មវិធីបានបដិសេធមិនយកកីឡាករគុនខ្មែររូបនេះទៅប្រកួតនោះទេ ទោះបីលោកបានបង្ហាញពីវីឌីអូប្រកួតរបស់ សោភ័ណ្ឌ យ៉ាងណាក្តី ។ សម្រាប់មូលហេតុលោកមិនបានបង្ហាញ អោយដឹងនោះទេថាហេតុអ្វីពួកគេមិនចង់បានអ្នកលេងគុនខ្មែររូបនេះ ខណៈថ្វីដៃនិងភាពល្បីល្បាញរបស់គេគឺមានការគាំទ្រច្រើនយ៉ាងណាក្តី ចុងក្រោយលោកក៏បានបញ្ជាក់ថានឹងព្យាយាមនាំ រឿង សោភ័ណ្ឌ ចេញទៅប្រកួតអោយបាននៅថ្ងៃណាមួយ ។
កន្លងមកលោក ហ៊ុន ចាន់រាជ ក៏ធ្លាប់នាំ រឿង សោភ័ណ្ឌ ប្រកួតនៅក្រៅប្រទេសផងដែរ ពោលនៅប្រទេសមីយ៉ាន់ម៉ា ក្នុងកម្មវិធី WLC ដែល សោភ័ណ្ឌ បានចាញ់កីឡាករម្ចាស់ផ្ទះដោយបោះបង់ការប្រកួតត្រឹមទឹកទី២ ។
សូមបញ្ជាក់ថា កីឡាករគុនខ្មែរមួយចំនួនបានចេញទៅប្រកួតនៅព្រឹតិ្តការណ៍ One Championship រួមមកហើយដែលមាន ទាំង MMA , Kun Khmer និង Kickboxing ជាដើម ដូចជា ឡៅ ចិត្រា សុខ ធី គង់ សំបូរ នៅ ស្រីពៅ ចាន់ រតនា ខុន ស៊ីចាន់ រិន សារ័ត្ន មាស ម៉ើ ថៃ រិទ្ធី និងមានផ្សេងៗទៀត ខណៈលោក ហ៊ុន ចាន់រាជ កំពុងស្នើសុំខាងកម្មវិធីដើម្បីដាក់កីឡាករគុនខ្មែរមួយចំនួនទៀត ដើម្បីបានបង្ហាញសមត្ថភាពក្នុងកម្មវិធីនេះ ហើយខែសីហា ខាងមុខនេះក៏អាចមានកីឡាករគុនខ្មែរប្រកួតដែរ ៕