កាន់ ម៉េងហុង៖ Idols កែវ រំចង់ តែពេញចិត្តក្បាច់សំលាប់ ឌីម៉ា និង ចិត្រា
កូននាគខ្មៅ កាន់ ម៉េងហុង បន្ទាប់ពីប្រកួតសងសឹកបានសម្រេចទៅលើដៃគូចាស់ ថុល ថេង កាលពីថ្ងៃទី២៤កន្លងទៅនៅក្នុងកម្មវិធីដណ្តើមប្រាក់លានដេនីក្វាន់ ឥឡូវនេះរូបគេក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍ទី២ ខែមករា ឆ្នាំ២០២០ខាងមុខនេះជាមួយកីឡាករ មិត្ត វីរៈ លើប្រភេទទំងន់៥១គីឡូក្រាម នៅសង្វៀនដែលទើបតែបង្កើតថ្មី ដោយផ្តោតសំខាន់ទៅលើថ្នាលគុនខ្មែរ ដែលទីតាំងប្រកួតធ្វើឡើងនៅក្លឹប នាគរាជចតុមុខ។
ទាក់ទង់ទៅនឹងក្បាច់ប្រកួតរបស់កូនសិស្សនៅក្លឹបនាគរាជចតុមុខ កាន់ ម៉េងហុង រូបនេះធ្លាប់បាននិយាយប្រាប់ MSR SPORT ថា៖ រៀមច្បងដែលរូបគេស្រលាញ់និងពេញចិត្តបំផុតគឺកីឡាករ កែវ រំចង់ តែក្បាច់ប្រយុទ្ធដែលរូបគេចង់យកតម្រាប់តាមនោះគឺកីឡាករ ឃុន ឌីម៉ា និង ឡៅ ចិត្រា ទៅវិញ។ ជាមួយគ្នានោះ មូលហេតុដែល ម៉េង ហុង ពេញចិត្ត កែវ រំចង់ ក៏ដោយសារតែតោកំណាចបាត់ដំបងរូបនេះ ជាអ្នកប្រដាល់ចិត្តសឿង មិនចេះក្លាចដៃគូ វ៉ៃដឹងវៃ។

រូបភាព: KunKhmerTV
ក៏សូមបញ្ជាក់ម្តងទៀតថា ការប្រកួតនៅថ្ងៃព្រហស្បតិ៍ទី២ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ក្រៅពីការប្រកួតរវាង កាន់ ម៉េងហុង និង មិត្ត វីរៈ ក៏មានការប្រកួតគូថ្នាលគុនខ្មែរជាច្រើនទៀតផងដែរ មានដូចជា៖ អេលីត សុភក្រ្តា ប្រកួតជាមួយ ពៅ វីរៈ លើប្រភេទទំងន់ ៤៤គីឡូក្រាម ម៉ាច បញ្ញា ប្រកួតជាមួយ ធន់ សុផាត, ផាត ភក្តី ប្រកួតជាមួយ ម៉ាត់ស្យា ចាន់រាជ ទំងន់៣០គីឡូក្រាម និង ឈុត ប្រាក់កាក់ ប្រកួតជាមួយ ខាំ កូនខ្លាំ ទំងន់ ៤៨គីឡូក្រាម ដោយការប្រកួតចាប់ផ្តើមឡើងនៅវេលាម៉ោង៧ល្ងាចតទៅ៕