លី ភា ត្រូវវិលទៅធ្វើស្រែនៅស្រុកកំណើត
លី ភា អ្នកប្រដាល់គុនខ្មែរនៃក្លិប ប៉ែន កាក់ គុនខ្មែរ បានសម្រេចវិលទៅស្រុកកំណើតខេត្តបាត់ដំបង ដើម្បីទៅជួយធ្វើស្រែក្រុមគ្រួសារក្នុងរដូវប្រជាពលរដ្ឋកម្ពុជាធ្វើស្រែបានចូលមកដល់ ដែលជាហេតុនាំអោយរូបគេខកខានឡើងសង្វៀនមួយរយៈ ។
តាមការបញ្ជាក់របស់លោក ស៊ន អេលីត គ្រូបង្វឹកនៅក្លិបប្រដាល់គុនខ្មែរ ប៉ែន កាក់ ថា ដោយសាររដូវកាលនេះជារដូវធ្វើស្រែ ហើយ លី ភា ជាកម្លាំងសំខាន់សម្រាប់គ្រួសារ ម្យ៉ាងទៀតមួយរយៈនេះ លី ភា គាត់មិនសូវធ្វើបានល្អនោះទេក្នុងប្រកួតលើសង្វៀនដោយសារអារម្មណ៍គិតពីការធ្វើស្រែរបស់គាត់នៅឯស្រុក ដូចនេះទើប លោកសម្រេចអោយគាត់ទៅធ្វើស្រែមួយរយៈដោយយ៉ាងយូរ១ខែអីគាត់វិលមកហ្វឹកហាត់វិញហើយលោកនឹងអោយគាត់ប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពឡើងវិញទើបឡើងប្រកួត ។
សូមបញ្ជាក់ថា ក្នុងសម័យកូវីដ១៩ដែលកីឡាករខ្មែរត្រូវប្រកួតជាមួយកីឡាករខ្មែរនេះ លី ភា ប្រកួតមិនសូវបានល្អនោះទេដោយចាញ់ ម៉ឺន មេឃា ឃីម បូរ៉ា ធី វ៉ារិទ្ធ ស្មើ សុខ សុវណ្ណ និងចុងក្រោយចាញ់កីឡាករ ពុទ្ធ សំបូរ ខណៈរកបានជ័យជម្នះ១ប្រកួតលើកីឡាករ ថៃ រ៉េត ផងដែរ ៕