
សែន រ៉ាដេត បកស្រាយបញ្ហាមិនទាន់ទទួលការប្រកួត

សែន រ៉ាដេត ហ្វឹកហាត់ ជាមួយ លីភា
គុនខ្មែរ សែន រ៉ាដេត បានចេញមុខបកស្រាយបញ្ហាមួយចំនួនដែលធ្វើអោយរូបមិនទទួលការប្រកួតរហូតដល់មានព័ត៌មានថារូបគេបានសំរេចចិត្តផ្អាកឡើងសង្វៀនមួយរយៈទៀត ដោយរង់ចាំមានគូអន្តរជាតិឡើងវិញទើបប្រកួតជាបន្ត។
អ្នកប្រដាល់ខេត្តកោះកុង បានបញ្ជាក់ថា ការពិតរូបគេមិនមែនមិនទទួលការប្រកួតជាមួយកីឡាករខ្មែរដូចគ្នានោះទេ ប៉ុន្តែដោយសារបញ្ហាមួយចំនួនទើបមិនទាន់ប្រកួត ដូចជាជំងឺក្រពះរើឡើងវិញ ធ្វើអោយការហ្វឹកហាត់មិនបានពេញល្អ ដូចនេះមិនអាចទទួលប្រកួតបាននោះ ព្រោះកីឡាករខ្មែរឥលូវល្អច្រើនមិនងាយស្រួលយកឈ្នះនោះទេហើយមិនទុកចិត្តសមត្ថភាពខ្លួនឯងដែរ ។ រ៉ាដេត បន្ថែមថា ជាកីឡាករតែងចង់ប្រកួត ចង់បានថវិកា ប៉ុន្តែកិត្តិយសជារឿងសំខាន់ មិនចេះតែងឡើងប្រកួតដោយហាត់មិនពេញល្អនោះទេ ។ បញ្ហា មួយផ្សេងទៀតគឺបញ្ហាគ្រួសារដែលរំខានអារម្មណ៍រូបគេមិនអាចហ្វឹកហាត់បានល្អ យ៉ាងណាប្អូន សែន រ៉ាឌី មិនបង្ហើបថាមានរឿងអ្វីក្នុង គ្រួសាររបស់គេនោះទេ ។

សែន រ៉ាដេត
អ្នកប្រដាល់ខេត្តកោះកុងរូបនេះទើបតែចូលប្រឡូកក្នុងសង្វៀនគុនខ្មែរវិញមុនពេលជំងឺកូវីដ១៩រាលដាលពេញពិភពលោក។ ចូលហាត់ក្នុងក្លឹបប្រដាល់ ប៉ែនកាក់គុនខ្មែរជាមួយលោកគ្រូ ស៊ន អេលីត ដោយទើបប្រកួតអន្តរជាតិបាន២ ដងឈ្នះទាំងអស់ និងត្រូវបានអ្នកគាំទ្រសរសើរលើការប្រកួតដ៏ប៉ិនប្រសព្វលើបច្ចេកទេសប្រកួតដ៏ស្វាហាប់ ៕