Sami Khedira សុបិន្តឈ្នះពានរង្វាន់ Champions League ជាមួយក្រុម Juventus
(BC-99)
អតីតកីឡាករ Sami Khedira ជឿជាក់ថាគាត់អាចសម្រេចក្តីសុបិន្តនិងឈ្នះពានរង្វាន់ Champions League ជាមួយក្រុម Juventus ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។
Juventus បានគ្រប់គ្រងក្របខ័ណ្ឌ Serie A ជាមួយនឹងការឈ្នះពានរង្វាន់ចំនួន ៨ លើកជាប់គ្នាមកហើយក្នុងចំណោមពានកំពូលក្របខណ្ឌអ៊ីតាលី ទាំង៣៥ដង ប៉ុន្តែពួកគេបានខកខានឈ្នះពានអឺរ៉ុបតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ។
ក្រុមយក្សនៅ អ៊ីតាលី មួយនេះកំពុងតែស្ថិតក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League រដូវកាលនេះក្រោយពីចាញ់ការប្រកួតជើងទី ១ នៅទឹកដី Lyon ១-០ ហើយក៏កំពុងតែរង់ចាំការប្រកួតជើងទី២ត្រឡប់មកវិញ។
Sami Khedira ដែលបានក្លាយជាកីឡាករសេះបង្កង់ Juventus កាលពីឆ្នាំ ២០១៥ បាននិយាយថាគេចង់ជួយស្វែងរកពានរង្វាន់ Champions League អោយអ្នកក្រុង Turin ។
គេបាននិយាយនៅលើបណ្តាញសង្គម Instagram កាលពីពេលថ្មីៗនេះថា “ខ្ញុំបានឈ្នះអ្វីៗស្ទើរតែទាំងអស់ ហើយការឈ្នះទាំងនេះគឺដូចជាការញៀនដែរ ប្រសិនបើអ្នកមិនបានឈ្នះអ្វីក្នុងមួយឆ្នាំទេ នោះឆ្នាំក្រោយអ្នកនឹងព្យាយាមឈ្នះគ្រប់ប្រភេទពានទាំងអស់! ” ។ ក្តីសុបិន្តរបស់ខ្ញុំគឺចង់ឈ្នះជើងឯក Champion League ជាមួយក្រុម Juventus ។ កាលពី ៣ ឬ ៤ ឆ្នាំមុនយើងបានខិតជិតដល់វគ្គផ្តាច់ព្រ័ត្រពេលជួប Real Madrid ។ ខ្ញុំគិតថាយើងអាចឈ្នះពានរង្វាន់នេះជាមួយក្រុមសេះបង្កង់ Juventus ក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀត។ តាមគំនិតរបស់ខ្ញុំនេះមិនមែនគ្រាន់តែជាក្តីសុបិន្តរបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏វាក៏ជាពានរង្វាន់មួយក្នុងក្តីសុបិនរបស់ Juventus ដែរ” ។
Khedira បានជួយម៉ាឌ្រីដឈ្នះជើងឯក Champions League ក្នុងឆ្នាំ ២០១៤ ក្នុងចំណោមពានរង្វាន់ជាច្រើនទៀតជាមួយក្រុមយក្សនៅ LaLiga នេះ។ នៅឆ្នាំដដែលនេះដែរគេក៏បានជួយអោយក្រុម អាឡឺម៉ង់ ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកថែមទៀតដែលនេះគឺជាអ្វីដែលធ្វើអោយរូបគេក្លាយជានិមិត្តរូបមួយដួងដែលឋិតក្នុងដួងចិត្តអ្នកគាំទ្រទូទាំងពិភពលោក ជាពិសេសនៅទីក្រុង Madrid តែម្តង។
Khedira បាននិយាយថា “វាពិតជាអស្ចារ្យណាស់។ ខ្ញុំបានចំណាយពេលវេលាដែលមិនអាចបំភ្លេចបាននៅទីនោះដោយទទួលបានជោគជ័យជាច្រើន។ យើងបានឈ្នះពានរង្វាន់ជាច្រើនដូចជាពានក្របខណ្ឌកំពូល La Liga និងពានរង្វាន់អឺរ៉ុបជាដើម។យើងមានក្រុមខ្លាំងដែលមានកីឡាករដ៏រឹងមាំដូច្នេះហើយទើបខ្ញុំមិនដែលភ្លេចពេលវេលាដ៏អស្ចារ្យនេះហើយខ្ញុំនៅតែជាអ្នកគាំទ្រក្លឹបដ៏ធំមួយនេះ។ នោះហើយជាមូលហេតុដែលគេតែងតែនិយាយថា ហាឡាម៉ាឌ្រីត!”។